ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារៀបចំសេចក្តីព្រាងពិធីសារស្តីពីលក្ខខណ្ឌតម្រូវលើការនាំចេញសំបុកត្រចៀកកាំទៅចិន, សង្គមស៊ីវិលសាទរនិងចាត់ទុកថា ជាលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ក្នុងនាមមិត្តដែកថែប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងកសិកម្មបានឲ្យដឹងថា ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំសេចក្តីព្រាង «ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ចចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន» ។

ក្រសួងបានចេញផ្សាយ នៅថ្ងៃអង្គារនេះថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង «ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ចចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមក្រសួងកសិកម្ម នៅក្នុងកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើ ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹម ដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។

ជុំវិញសេចក្តីព្រាង «ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ចចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន» នេះ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសាទរ និងបញ្ជាក់ប្រាប់ នៅថ្ងៃអង្គារនេះថា «ជាការលើកទឹកចិត្ត បន្ថែមទៀត ក្នុងវិស័យកសិកម្ម ដែលនាំយកនូវផលិតកសិកម្ម របស់កម្ពុជាកាន់តែច្រើន ចូលទៅកាន់ទីផ្សារប្រទេសចិន ឬក៏ចូលដល់តុបាយរបស់ប្រជាជនចិន នៅក្នុងប្រទេសចិន ..ក្នុងពេលដែលប្រជាជនចិនកំពុងសាទរ និងស្វាគមន៍ កសិផលរបស់កម្ពុជា យើងសង្ឃឹមថា កសិផលកម្ពុជាកាន់តែច្រើនប្រភេទនឹងបានហូរចូលទៅក្នុងទីផ្សារ របស់ប្រទេសចិន..ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញ លទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្នុងនាមមិត្តដែកថែប»។

លោក ឌិត ទីណា បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេស ជំរុញដល់ការនាំចេញ កាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំ នៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងមានភាពងាយស្រួល ក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖