អន្តរជាតិ ៖ កិច្ចប្រជុំ G20 លើកទី១៩ ជាកិច្ចប្រជុំកំពូលនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ បានប្រារព្វឡើងនៅប្រទេសប្រេស៊ីល ដែលមានការគាំទ្រយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការពហុភាគីនិយមក្នុងការបើកចំហសេដ្ឋកិច្ចសាកល ដោយបណ្តាប្រទេសក្នុងសាកលលោកភាគខាងត្បូង ។ នេះជាការលើកឡើងដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា ៖ កិច្ចប្រជុំ G20 នេះ ជាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងការតាមដាន ពិនិត្យ និង ដាក់ចេញនូវយន្តការសម្របសម្រួលសេដ្ឋកិច្ចរបស់សាកលលោក និង ដើម្បីបង្កើនល្បឿននៃ សេដ្ឋកិច្ចសាកលលោក។ ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញល្បីៗនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង២០ ត្រូវបានអញ្ជើញឱ្យចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីរកឱ្យឃើញនូវបញ្ហា និង យន្តការសម្រាប់សម្របសម្រួលខឿនសេដ្ឋកិច្ចសាកល ទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្ថិរភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ សមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ ការលុបបំបាត់នូវប្រព័ន្ធគាំពារនិយម សមាហរណកម្មវិនិយោគអន្តរជាតិ ការអភិវឌ្ឍសាកល និង ចំណងទាក់ទងដ៏ស្មុគស្មាញនៃមហាអំណាច។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ថា ៖ ប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតមួយ និង ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ ព្រមទាំងជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី២លើសាកលលោក និង ជាប្រទេសនាំចេញទំនិញធំបំផុតនៅលើសាកលលោក ហើយក៏ជាទីតាំងមួយសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស មានតួនាទីយ៉ាងសំខាន់ក្នុងយន្តការនៃកិច្ចប្រជុំ G20 នេះលើគ្រប់វិស័យ។ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់មួយ ដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់អាចចាត់ទុកជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់ការពារផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនមានតួនាទីសំខាន់មួយទៀតដែរក្នុងនាមជាភាគីកណ្តាល សម្រាប់តំណភ្ជាប់ ជាមួយប្រទេសរីកចម្រើន ក្នុងការកសាង និង កែលម្អនៃកិច្ចសហប្រតិបត្តិការបើកចំហសេដ្ឋកិច្ចប្រកបដោយបរិយាកាសល្អ និង មានសមធម៌។ តួនាទីមួយនេះ ក៏មានសារសំខាន់ដែរ ក្នុងការភ្ជាប់ទំនាក់ទំនងនៃខ្សែច្រវាក់ផលិតកម្ម និង ខ្សែច្រវាក់តម្លៃសាកលនៅលើសាកលលោកទាំងប្រទេសកំពុងអភិវឌ្ឍន៍ និង ប្រទេសរីកចម្រើននានា។
នៅក្នុងកិច្ចប្រជុំលើកទី១៩ នេះ បណ្តាប្រទេសទាំងអស់បានយល់អំពីមធ្យោបាយ វិធានការ និងយន្តការ នៃការវិវត្តនិងការរីកចម្រើននៃសេដ្ឋកិច្ចសាកលលោក ក្នុងការធានាឱ្យបាននូវនិរន្តរភាពនៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចសាកល ដែលអាចប្រឈមនឹងការរារាំងមួយចំនួនដែលអាចកើតមានឡើង ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដូណាល់ ត្រាំ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការគាំពារនិយម តាមរយៈការដាក់នូវរបាំងពន្ធគយខ្ពស់ជាងមុន ការយកពន្ធមិនស្មើភាពគ្នា ការដាក់របាំងនយោបាយ ដែលរារាំងទៅដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក និង ផ្ទុយពីគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចសាកល និង ខ្សែច្រវាក់តម្លៃសាកល របស់អង្គការពាណិជ្ជពិភពលោក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ៖ ដោយមើលឃើញនូវហានិភ័យនេះ តួនាទីរបស់ចិនក្នុងយន្តការសេដ្ឋកិច្ចសាកលក្នុងបរិបទថ្មីនេះ ជាតួនាទីមួយដែលមិនអាចខ្វះបាន គឺពហុភាគីនិយម ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជិនភីង ត្រូវបានលើកយកមកពិភាក្សា និង ទទួលបានការគាំទ្រទាំងស្រុង ដោយបណ្តាប្រទេសខាងត្បូងនៃសាកល។ ប្រទេសចិនជាប្រទេសដ៏ខ្លាំងបំផុតមួយ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិសេរី អនុលោមតាមគោលការណ៍ពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា ៖ ប្រទេសទាំងអស់កំពុងតែស្ថិតនៅលើទូកនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នា ប្រសិនបើការរារាំងណាមួយបានដាក់មកលើបណ្តាប្រទេសណាមួយ ជាពិសេសប្រទេសចិន វានឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើអភិបាលកិច្ចសេដ្ឋកិច្ចសាកល និង ឈានដល់ការបែកបាក់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង មិនអាចឈានដល់ពិភពលោកមួយ សហគមន៍ជោគវាសនារួមមួយបាននោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានរងគ្រោះខ្ទេចខ្ទាំដោយសារវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្លាក់នូវការចំណាយប្រើប្រាស់លើសាកលលោក ការថមថយកម្លាំងត្រូវការលើទីផ្សារ ការដួលរលំនូវវិស័យអចលនទ្រព្យ និង កើនបំណុលឯកជន វាគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចសាកលរួចទៅហើយ ប្រសិនបើពិភពលោកខ្វះនូវការរួបរួមគ្នា កិច្ចសហប្រតិបត្តិការ និង ដាក់របាំងពាណិជ្ជកម្មលើគ្នាទៅវិញទៅមក វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ G20 ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកលក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គួរតែត្រូវបានយកចិត្តទុកដាក់ ថែរក្សា និង ជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និង ការរីកមច្រើននៃសេដ្ឋកិច្ចសាកលោក ៕
ដោយ ៖ សិលា