ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន ព្រមានពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

ចែករំលែក៖

លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិកថាចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ ហើយឧបទ្វីបកូរ៉េកំពុងប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។
យោងតាមសារព័ត៌មាន Yonhap កាលពីថ្ងៃទី 21 ខែវិច្ឆិកា មេដឹកនាំគីម ជុងអ៊ុន បាននិយាយនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍យោធាក្នុងទីក្រុងព្យុងយ៉ាង ក្នុងនោះលោក គីម បានសង្កត់ធ្ងន់ថា ឧបទ្វីបកូរ៉េកំពុងប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។
“មិនដែលធ្លាប់មានភាគីពាក់ព័ន្ធក្នុងស្ថានភាពឧបទ្វីបនេះ ប្រឈមមុខនឹងការប្រឈមដាក់គ្នាយ៉ាងសាហាវបែបនេះ ដែលវាអាចឈានទៅដល់សង្រ្គាមនុយក្លេអ៊ែរដ៏សាហាវបំផុត។ យើងបានព្យាយាមអស់ពីសមត្ថភាពនៅពេលចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាក្នុងការរួមរស់ជាមួយគ្នាដោយសន្តិភាពនោះទេ។ លោក Kim បាននិយាយថា សហរដ្ឋអាមេរិកតែងតែចង់បង្ហាញពីឋានៈមហាអំណាចរបស់ខ្លួន ហើយនិងមិនផ្លាស់ប្តូរគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើងឡើយ”។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការចរចាពីមុនរវាងប្រទេសទាំងពីរគ្រាន់តែបង្ហាញពីអាកប្បកិរិយា “ឈ្លានពាន និងអរិភាព” របស់អាមេរិកចំពោះកូរ៉េខាងជើង។ នៅក្នុងសុន្ទរកថារបស់លោក លោក Kim ក៏បានអំពាវនាវឱ្យបន្តធ្វើឱ្យប្រសើរឡើងនូវឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង ដើម្បីពង្រឹងសមត្ថភាពការពារប្រទេស និងទីតាំងយុទ្ធសាស្ត្រ។
យោងតាមយ៉ុនហាប់ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក គីម បានបំផ្លាញការរំពឹងទុកនៃកិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បើទោះបីជាលោក Trump នឹងត្រឡប់ទៅកាន់សេតវិមាននៅឆ្នាំក្រោយក៏ដោយ។
ក្នុងអាណត្តិដំបូងរបស់លោក លោក Trump និងលោក Kim បានធ្វើកិច្ចប្រជុំកំពូលចំនួនបីពីឆ្នាំ 2018-2019។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូតនេះមិនបាននាំមកនូវលទ្ធផលសំខាន់ណាមួយឡើយ ដោយសារតែមានភាពខុសគ្នាយ៉ាងខ្លាំងលើបញ្ហានុយក្លេអ៊ែរ។
ចំណែកលោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបាននិយាយច្រើនអំពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរបស់លោកជាមួយលោក Kim។ មិនយូរប៉ុន្មាន លោក Trump បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង «ស្ទើរតែមានសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែលោកបានរារាំងវា»៕

ដោយ៖ ធីរីណា(រូប​ថត​៖ KCNA)


ចែករំលែក៖