ខេត្តកំពង់ឆ្នាំង៖ បើយោងតាមការបញ្ជាក់ពីលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា៖ កម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចេញប្រតិបត្តិការដោយបង្ក្រាបបាននូវប្រភេទរបាំងស្បៃមុង ដែលជនសង្ស័យបានដាក់ចាប់យកកូនត្រីនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចំនួន៣៥កន្លែង និងបានកំទេចចោលវត្ថុតាងនៅនឹងកន្លែងតែម្តង។
នាយខ័ណ្ឌរដ្ឋបាលជលផលរូបនេះ បន្តថា ក្រុមការងាររួមខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទអន្លុងមេត្រីសែនជ័យកម្លាំងចូលរួមសរុបចំនួន១២នាក់ និងមធ្យោបាយ កាណូត ៤គ្រឿង បានចុះទៅបង្ក្រាបបទល្មើសរបាំងស្បៃមុង នៅចំណុចបឹងធំ ចំណុចចាអោកប្រឿ ចំណុចអ្នកតាកែវ ស្ថិតនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ដោយក្រុមការងារ បានរុះរើរបាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង បង្គោលចំនួន២៥០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន៤០ គីឡូក្រាម។
នៅថ្ងៃដដែលនាយខ័ណ្ឌរដ្ឋបាលរូបនេះ ក៏បានដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និងសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដែលមានកម្លាំងចូលរួមសរុបចំនួន១៧នាក់ និងមធ្យោបាយកាណូត៥គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹកទំនប់ក្បាលកន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងមានមួយកន្លែងទៀតនៅចំណុចបឹងឆ្នុកអណ្តែង ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរី និងបានរុះរើរបាំងស្បៃមុងចំនួន២៥កន្លែង ប្រវែង១១៥០ម លូស្បៃមុងចំនួន២៥គ្រឿង បង្គោលចំនួន៥០០ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន៧០គក្រ ចំណែកវត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង។
បន្ថែមពីនេះ លោក លី ឡា បានសំណូមពរដល់ប្រជានេសាទ ត្រូវនាំគ្នាជួយបង្ហាញទីតាំងបទល្មើសស្បៃមុង របាំងសាច់អួនវែងៗផ្ទុយនឹងច្បាប់ កន្លែងដាក់សម្រាស់ អ្នកកាប់ព្រៃលិចទឹកយកទៅដាក់សម្រាស់ អ្នកមានឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅ និងបទល្មើសនេសាទដទៃទៀត មកកម្លាំងសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី និងជួយថែរក្សាដល់ពូជមច្ឆាជាតិយើងផងដែរ ៕
ដោយ៖ តារា