ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចុះស្រាវជ្រាវ​ឃាត់មុខសញ្ញា​ក្មេងទំនើង​២​នាក់​ដែលថតរូបបង្អួតកាំបិតផ្គាក់ដល់ដៃគូថាហ្អែងស្គាល់អញអ្នកចំបក់…

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​នគរបាល​ខេត្ត​បានចុះស្រាវ​ជ្រា​វ​ឃាត់មុខសញ្ញា​ក្មេងទំនើង​២​នាក់​ តាមរយៈ​គណនីហ្វេសប៊ុក​មួយដែលបានបង្ហោះ​អំពីសក​ម្មភាពក្មេងទំនើងដែលថតរូបបង្អួតកាំបិតផ្គាក់និយា​យគំរាមដល់ភាគីម្ខាងទៀតថា ហ្អែងស្គាល់អញអ្នកចំបក់​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ បានបង្ហាញមុខ​ជាសាធារណៈ​មុននឹងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

   ប្រភពដដែលបន្តថា​ ដោយទទួល​បញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ថ្មីៗនេះ​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំ​រោង​ទង​បានកំណត់​មុខសញ្ញា​ក្មេងទំនើ​ង​និងបន្ដស​ហការ​ឃាត់​ ៖

១-ឈ្មោះ ជៃ រក្សា ភេទប្រុស អាយុ​១៨ឆ្នាំ​ អ្នកកាន់កាំបិតផ្គាក់ 

២-ឈ្មោះ អំ វ៉ាស៊ុ ភេទប្រុស អាយុ១៧ឆ្នាំ អ្នកឈរនិ​យាយពីក្រោយ ទាំង២នាក់រស់នៅភូមិចំបក់ ឃុំវល្លិ.ស ស្រុកសំ​រោងទង ។ 

    ក្រោយសមត្ថកិច្ចសាកសួរពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានឈរកាន់កាំបិតផ្គាក់និយាយគំរាមទៅលេីក្មេងនៅភូមិប្រាកដមែ​ន​ មូលហេតុមានទំនាស់ពាក្យសម្តីគ្នា។​ ដោយថតជាវីដេអូ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២​៤ ផ្ញើចូលគ្រុប​Mas​senger រួចមានគេយកទៅបង្ហោះចែកចាយបន្ដ។ 

   ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ច​ដកហូត​កាំបិតផ្គាក់០១ដើម ។

   បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងឃាត់ខ្លួនបណ្ដោះ​អាសន្ននៅ​ស្នងការដ្ឋាននគរបាលខេត្ដ​ ដើម្បី​បន្ត​តាមនីតិវិធី​ច្បាប់​៕

ដោយ​៖ តារា​


ចែករំលែក៖