ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ លោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Min Aung Laing អំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំ GMS, ACMECS និង CLMV នៅសាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ។ 

នៅក្នុងឱកាសនោះ លោក Khin Yi បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមប្រធានគណបក្ស USPD បានលើឡើងនូវសំណូមពរសំខាន់ៗចំនួន២ជូនសម្តេចតេជោ។

 ទី១ លោកបានសំណូមពរឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ លោក ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់លោក ក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត របៀបរបបធ្វើការ និងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ដែលអាចរក្សាបានភាពរឹងមាំ និងការចាក់ឫសជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗពីមួយជំនាន់ទៅមួយជំនាន់ និងពីគ្រប់ស្រទាប់វណ្ណៈ។ រីឯសំណូមពរទី២ លោក បានគោរពស្នើសុំ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់បញ្ជូនអ្នកសង្កេតការណ៍ ទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ 

លោក Khin Yi ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់ឯកឧត្តម បានចូលរួមសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។ អាស្រ័យហេតុនេះ លោក និងសហការី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចយកកម្ពុជាធ្វើជាប្រទេសគំរូ ក្នុងការត្រៀមរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ ដោយអាជ្ញាធរមីយ៉ាន់ម៉ា បានតាំងចិត្ត និងប្តេជ្ញាធ្វើឱ្យបានជោគជ័យ សេរី និងយុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ល្អជាទីបំផុត។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះសំណូមពរទាំងពីររបស់ លោក Khin Yi ។ 

ចំពោះសំណូមពរទី១ សម្តេចតេជោ បានមានប្រសាសន៍ថា គណបក្សយើងទាំងពីរ គឺមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ។ សម្តេចស្គាល់គណបក្សUSDP យូរណាស់មកហើយ គឺចាប់តាំងពីជំនាន់ឯកឧត្តម ធាន សេង មកម៉្លេះ។ សម្តេចតេជោ បានឯកភាព នឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP ដែលអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ពុំមែនមានតែភាគីគណបក្សរបស់ឯកឧត្តមនោះទេ ដែលត្រូវការសិក្សាពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ខាងភាគីកម្ពុជា ក៏ត្រូវការសិក្សាពីគណបក្ស USDP ផងដែរ។

 រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោ បានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ 

សម្តេចតេជោ បានរំលឹកថា ត្រឹមរយៈពេល៧ថ្ងៃ ក្រោយពេលសម្តេចឡើងធ្វើជាប្រធានអាស៊ាន សម្តេចបានទៅធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដែលនៅពេលនោះ សម្តេចតេជោ ទទួលបាននូវការអបអរសាទរផង និងរងការតិះទៀនផង។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីថា សម្តេច និងប្រទេសកម្ពុជា គ្មានបានផលប្រយោជន៍អ្វីពីការជួយដល់ប្រទេសមីយ៉ាន់ម៉ានោះទេ គោលដៅធំបំផុតរបស់សម្តេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនាដែលបង្កដោយជម្លោះប្រដាប់អាវុធ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ា ដែលទទួលរងគ្រោះទឹកជំនន់បង្កឡើងដោយព្យុះយ៉ាហ្គីនាពេលកន្លងទៅ។  

ជាចុងក្រោយ សម្តេចតេជោ ជូនពរ លោក Khin Yi និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖