ខេត្តស្វាយរៀង៖ លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ក្នុងពិធី ក្រុងពាលី ដើម្បីសុំសេចក្ដីសុខចម្រើន ក្នុងការសាងសង់ អគាររដ្ឋបាលស្រុក មួយខ្នងបន្ថែម ដែលមានកម្ពស់២ជាន់ ទទឹង១៩ម៉ែត្រ និងបណ្តោយ៣៨ម៉ែត្រ ។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការរងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក លោកប្រធានការិយាល័យ អស់លោក លោកស្រីចំណុះឱ្យរដ្ឋបាលសាលាស្រុក ជាច្រើននាក់ផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុក រមាសហែកបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ របស់លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងតំរ៉ូវការបន្ថែមបន្ទប់ធ្វើការងាររបស់ មន្ត្រីរាជការ ទើប រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីក្រុង ពាលីសាងសង់ បន្ថែមទៀតនៅអគាររដ្ឋបាលស្រុក មួយខ្នង ទទឹង១៩ម៉ែត្រ បណ្តោយ៣៨ម៉ែត្រដែលមានកម្ពស់២ជាន់។
លោក បាន លើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឱ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឱ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ថែម ថា សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុក ត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឱ្យបានលឿន ត្រឹមត្រូវតាមតម្លៃដែលបានកំណត់ និង ជូនដល់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ ឬ សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
លោក ក៏បាន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវផ្សព្វផ្សាយ និងធ្វើវេទិកាទាក់ទងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុក រមាសហែក រួមគ្នាកម្ចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេស បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និង គោរពស្លាកសញ្ញាចរាចរណ៍៕
ដោយ៖ សុថាន