ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ បេង​ ពោធិ៍នា​៖ វិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្ដានុពលខ្ពស់​ និងចូលរួមការលើកកម្ពស់បរិស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានថ្លែងក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនីយ៉ាងដូច្នេះថា៖ វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្ដានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែចូលរួមការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើង សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសន្ទុះនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។

ការថ្លែងបែបនេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ បានធ្វេីឡេីង​ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនយានយន្តអគ្គីសនីជាច្រើនផងនោះ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រឹត្តិការណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់មន្ត្រីរាជការ អ្នកប្រើប្រាស់ និងសាធារណជនគ្រប់ស្រទាប់ទាំងអស់ សំដៅអំពីបច្ចេកវិទ្យាថ្មីៗ ការប្រើប្រាស់ឧករណ៍ បរិក្ខាទំនើបៗ និងអត្ថប្រយោជន៍ជាច្រើន សំដៅលើកកម្ពស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ជំនួសការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​ បានលើកឡើងថា បច្ចុប្បន្នពិភពលោកកំពុងមានក្ដីបារម្ភ អំពីការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីយានយន្តចំហេះដែលជាកត្តាដ៏គ្រោះថ្នាក់មួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ បណ្ដាលឱ្យផែនដីមានការកើនឡើងកម្ដៅ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានពិភពលោកទាំងមូល។ ឆ្លើយតបទៅបញ្ហានេះ ប្រទេសនានាក្នុងតំបន់ និងពិភពលោក បានបង្វែរចំណាប់អារម្មណ៍ និងលើកទឹកចិត្តពីការប្រើប្រាស់យានយន្តដើរដោយប្រេងឥន្ធនៈ ទៅជាការប្រើប្រាស់យានយន្តអគ្គិសនី ដែលកំពុងមានការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ដែរថា ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ ជាកិច្ចសហការរៀបចំលើកទី២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង EnergyLab ដែលលើកទី១ បានរៀបចំឡើងកាលពីឆ្នាំ២០២២។ ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនីនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការជំរុញការអនុវត្តគោលនយោបាយ EV របស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់ EVs និងឱកាសសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលនៅកម្ពុជា សម្រួលដល់ការសិក្សាស្រាវជ្រាវ EVs ក្នុងតំបន់ និងភាពជាដៃគូដែលអាចជួយពន្លឿនការទទួលយក EV និងការដាក់ពង្រាយទូ និងស្ថានីយសាកអគ្គីសនីល្បឿនលឿន បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងបណ្តាញពាណិជ្ជករនៅក្នុងវិស័យនេះ។

យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានចុះបញ្ជីយានយន្តសរុប ចំនួន ៧ ៦១៨ ៦៦៩ គ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន ៦ ៤៧០ ៩១៧ គ្រឿង រថយន្តធុនស្រាលចំនួន ៨៤៧ ១៨៩គ្រឿង និងរថយន្តធុនធ្ងន់ ចំនួន ៣០០ ៥៦៣គ្រឿង។ ដោយឡែកយានយន្តអគ្គិសនី មានចំនួន សរុប ៤ ៣២០គ្រឿង ក្នុងនោះ រថយន្តអគ្គិសនី មានចំនួន ២ ៥១៣ គ្រឿង ត្រីចក្រយានយន្តអគ្គិសនី មានចំនួន ៤៧៨ គ្រឿង និងទោចក្រយានយន្តអគ្គិសនី មានចំនួន ១ ៣២៩គ្រឿង។ យោងលើកំណើនដ៏ឆាប់រហ័សនេះ យើងអាចនឹងប៉ាន់ប្រមាណអំពីការកើនឡើងយានយន្ត ស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្ដីពីអព្យាក្រឹតកាបូន ២០៥០៕

ដោយ​៖ តារា


ចែករំលែក៖