ព័ត៌មានទាន់ហេតុការណ៍៖

Ubdate! នគរបាលស្រុកកណ្ដៀងបញ្ជូនខ្លួនបក្ខពួកចោរបឹងទន្លេសាប មកបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បក្ខពួកជនសង្ស័យ(ចោរ)លួចឧបករណ៍នេសាទ យ៉ាងសកម្មនៅបឹងទន្លេសាប ជនជាតិវៀតណាមចំនួន០២នាក់ក្នុងចំណោម០៣នាក់ ខណៈម្នាក់គេអះអាងជាអនីតិជន ត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។ 

 ដោយឡែកៈ លោក វរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងផងដែរថា ជនសង្ស័យខាងលើបានបញ្ជូនទៅថ្នាក់លើហើយ ហើយការអនុវត្តនេះបន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋឃុំរាំងទិល ថា ឃើញជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មនៅបឹងទន្លេសាប ភ្លាមៗនោះលោកបានសុំគោលការលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចុះទៅអន្ដរាគមន៍ដោយបានឃាត់ខ្លួនទាំងជនសង្ស័យ រួមទាំងដកហូតវត្ថុតាង(កាណូត៣គ្រឿងមានផ្ទុកមង)។

លោក អធិការនគរបាលឲ្យដឹងទៀតថា ជនសង្ស័យជនជាតិវៀតណាមដែលបានបញ្ជូនទៅស្នងការដ្ឋាននគរបាល បានអនុវត្តកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅកណ្ដាលលំហផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 លោក អធិការបញ្ជាក់ទៀតថា ជនសង្ស័យ ទី-១ ឈ្មោះ ង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម ទី-២ ឈ្មោះ ង្វៀង យ៉ាំងកាំ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម ជននេះធ្វើតេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)និងទើបតែចេញពីពន្ធនាគារថ្មីៗនេះទេ និងទី-៣ ឈ្មោះ ង្វៀង យ៉ាំងចូក ភេទប្រុស អាយុ ១៣ឆ្នាំ ជនសង្ស័យជនជាតិវៀតណាម បច្ចុប្បន្ន អ្នកទាំងចំនួន០៣នាក់នេះ ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅ ភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ដោយឡែកបើយោងប្រភពផ្សេងៗ ជនសង្ស័យមានគ្នាច្រើនជាងនេះប៉ុន្តែបានរត់គេចខ្លួនរួចខ្លះ នៅពេលសមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធចាប់ ពិសេសជាងនេះទៀតនោះក្រុមបក្ខពួក(ចោរ)ជនជាតិវៀមណាមនេះ លួចឧបករណ៍នេសាទប្រជាពលរដ្ឋយ៉ាងសកម្មនៅបឹងទន្លេសាបយូរឆ្នាំមកហើយ ក្រុមជនសង្ស័យអាចមានការជួញដូរគ្រឿងញៀន និងអាចប្រើប្រាស់អាវុធខុសច្បាប់ទៀតផង ពិសេសជាងនេះទៀតនោះពេលចាប់ខ្លួនជនទាំង០៣នាក់(ង្វៀង យ៉ាំងហាយ ង្វៀង យ៉ាំងកាំ និងកូនប្រុសបង្កើតឈ្មោះ(ង្វៀង យ៉ាំងកាំ)ឈ្មោះ ង្វៀង យ៉ាំងចូក)មានជនម្នាក់ទូរស័ព្ទមកសមត្ថកិច្ចសុំឲ្យដោះលែងថ្នូរនឹងលុយ៥.០០០ដូល្លារអាមេរិក ជនដែលទូរស័ព្ទទៅសមត្ថកិច្ចឲ្យលែងប្ដូរលុយ(ប្រាំពាន់ដូល្លារ)ត្រូវបានគេស្គាល់ត្រូវជាបងថ្លៃ(ង្វៀង យ៉ាំងកាំ)បុរសញៀនថ្នាំ ហើយគាត់នោះហើយអ្នករត់ការដោះលែង នៅពេលដែលក្រុមចោរនេះសមត្ថកិច្ចចាប់ខ្លួន ករណីនេះសមត្ថកិច្ចអាចដឹងច្បាស់ ខណៈមានពលរដ្ឋចូលរួមអនុវត្តក៏បានដឹងលឺដែរនោះ បញ្ហានេះសុំឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានស៊ីជម្រៅ ព្រោះនៅមេខ្លោងចំនួន០២នាក់បងប្អូនបង្កើតទៀត ដោយទី-១ ឈ្មោះ ហួន ទុង និងទី-២ ឈ្មោះ ហួន គឿង បញ្ជាក់(ហួន ទុង និងហួន គឿង)នេះ ត្រូវជាបងបង្កើតឈ្មោះ ហួន ហ៊ាង កំពុងឃុំខ្លួននៅពន្ធនាគារ ខេត្តពោធិ៍សាត់ ។ ករណីចោរលួចឧបករណ៍នេសាទអាជីព នៅបឹងទន្លេសាបទាំងកំពុងឃាត់ខ្លួន កំពុងបន្តនីតិវិធី និងកំពុងសំងំពួនអាត្មានេះ ប្រជាពលរដ្ឋចំនួន១៧៤មេដៃ បានដាក់ពាក្យស្នើសុំជួយអន្តរាគមន៍បន្ថែម ចូលទៅលោកអភិបាលខេត្តពោធិ៍សាត់ និងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ ។

 នេះគ្រាន់តែប្រភពមួយដែលបានលើកឡើងនោះទេ អ្នកសារព័ត៌មានយើងខ្ញុំពុំអាចសុំការពន្យល់ពីស្ថាប័នជំនាញពាក់ព័ន្ធ ឬក្រុមបុគ្គលមានបញ្ហាខាងលើបានទេ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖