កាលពីថ្ងៃទី 28 ខែវិច្ឆិកា ប្រជាជនអ៊ុយក្រែនជាងមួយលាននាក់ត្រូវរស់នៅដោយគ្មានអគ្គិសនីក្នុងអាកាសធាតុរដូវរងាត្រជាក់យ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើក (UAVs)។
នាពេលថ្មីៗនេះ យោធារុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសជាច្រើន សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាពិសេសក្នុងបរិបទដែលភាគីរុស្ស៊ីបន្តបិទព្រំដែននៅជួរមុខខាងកើត។ ចំណាត់ការនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃយុទ្ធសាស្ត្រវាយលុករបស់ទីក្រុងមូស្គូ នៅពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជិត 3 ឆ្នាំកន្លងមក។
នាយកប្រតិបត្តិក្រុមហ៊ុនផ្គត់ផ្គង់ថាមពល Yasno លោក Sergey Kovalenko បាននិយាយថា “មានការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ដោយសារសត្រូវវាយប្រហារលើវិស័យថាមពលរបស់យើង។
អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានចោទប្រកាន់រុស្ស៊ីថាបានប្រើយុទ្ធសាស្ត្ររុញច្រានប្រជាជនអ៊ុយក្រែនទៅក្នុងស្ថានភាពដែលគ្មានពន្លឺ និងកម្តៅនៅពាក់កណ្តាលរដូវរងាដ៏អាក្រក់មួយ។ នៅក្នុងការបង្ហោះ Telegram គាត់បាននិយាយថា “ពួកគេបានស្តុកទុកកាំជ្រួចដើម្បីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដោយធ្វើសង្រ្គាមប្រឆាំងនឹងជនស៊ីវិលក្នុងរដូវរងា”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការវាយប្រហារដោយមីស៊ីលរុស្ស៊ី និង UAV បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី 28 ខែវិច្ឆិកា បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់មនុស្សជាង 1 លាននាក់ សូម្បីតែនៅតំបន់ Lviv ស្ថិតនៅឆ្ងាយពីជួរមុខក៏ដោយ។ លោក Maksym Kozytskyi មេដឹកនាំនៃតំបន់ Lviv បាននិយាយថា “បច្ចុប្បន្នមានប្រជាជនចំនួន 523,000នាក់ នៅក្នុងតំបន់នេះដោយគ្មានអគ្គិសនីប្រើប្រាស់” ។
ក្រៅពីទីក្រុង Lviv តំបន់ផ្សេងទៀតដូចជា Rivne និង Volyn ដែលមានទីតាំងនៅភាគខាងលិចអ៊ុយក្រែន និងជាប់ព្រំដែនប្រទេសប៉ូឡូញ ក៏បានកត់ត្រាការដាច់ចរន្តអគ្គិសនីដែលប៉ះពាល់ដល់មនុស្ស 280,000 និង 215,000 ក្នុងតំបន់និមួយៗ។
លើសពីនេះ ទីក្រុងធំៗដូចជា Kyiv, Kharkiv និងកំពង់ផែ Odesa ក៏ក្លាយជាគោលដៅនៃការវាយប្រហារផងដែរ។ ក្រសួងថាមពលរបស់អ៊ុយក្រែនបាននិយាយថា នេះគឺជាការវាយប្រហារលើកទី 11 របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនៅឆ្នាំនេះ។
រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ Galushchenko បាននិយាយថា រុស្ស៊ីកំពុងវាយប្រហារយ៉ាងខ្លាំងក្លាទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈដែលសីតុណ្ហភាពនៅកន្លែងជាច្រើនធ្លាក់ចុះដល់កម្រិតត្រជាក់ខ្លាំង។
ទន្ទឹមនឹងនេះ វិស្វកររបស់ប្រទេសនេះកំពុងព្យាយាមស្តារថាមពលឡើងវិញនៅក្នុងតំបន់សុវត្ថិភាព ប៉ុន្តែស្ថានភាពនៅតែធ្ងន់ធ្ងរនៅឡើយ។ ទន្ទឹមនឹងនេះ នៅទីក្រុងជាច្រើននៃប្រទេសអ៊ុយក្រែន រដូវរងានឹងឈានចូលមកដល់ ដែលនាំមកនូវសីតុណ្ហភាពក្រោម 0 អង្សាសេ៕
ដោយ៖ ធីរីណា(រូបថត៖ baotintuc)