ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តក្រចេះ បានបើកសវនាការជំនុំជម្រះ ជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ច ពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សា ជំនុំជម្រះបានប្រកាសជាសាធារណៈ លើសាលក្រមព្រហ្មទណ្ឌលេខ ៦៣៩ “ឆ” ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើ៖
១-ឈ្មោះ LE MINH CHUAN ឬ ឈ្មោះ លី វណ្ណាក់ ភេទប្រុស កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៩ ជនជាតិ វៀតណាម ដាក់ពន្ធនាគារកំណត់រយៈពេល ៨ (ប្រាំបី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀល និងបណ្តេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអនុវត្តទោសក្នុងពន្ធនាគារចប់។
ពីបទៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង, បទៈ ជនបរទេសណាដែលកាន់កាប់ និងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា និងបទៈ ជនបរទេសរូបណាដែល គ្មានការអនុញ្ញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅចំណុចភូមិស្រែទ្រៀក ឃុំដំរីផង ស្រុកឆ្លង ខេត្តក្រចេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១, បទៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទៈ ជនបរទេស ណាដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ, មាត្រា ២៩ និង មាត្រា ៣៤ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
២-ឈ្មោះ អ៊ុន ចាន់ថន ភេទប្រុស កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៦៧ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ រយៈពេល ៨ (ប្រាំបី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល។
ពីបទៈ អ្នកផ្តើមគំនិតក្នុងបទក្លែងបន្លំឯកសារសាធារណៈ, បទៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទៈ ផ្តល់ឯកសារដោយទុច្ចរិត ប្រព្រឹត្តនៅចំណុចភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះ កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨, មាត្រា ៦២៩, មាត្រា ៦៣០ និងមាត្រា ៦៣១ នៃក្រមព្រហ្មទណ្ឌ។
៣-ឈ្មោះ ដួង លឹមហ៊ាង ភេទស្រី កើតថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៧៩ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារ កំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ។
ពីបទៈ ក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
៤-ឈ្មោះ ស៊ាត ធី ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៦២ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារត្រឹមរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ហើយ ទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតា។ និង
៥-ឈ្មោះ ចន សុខហ៊ាង ភេទប្រុស កើតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារ កំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ (មួយ) ឆ្នាំ ហើយ ទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតា។ និង
៦-ឈ្មោះ អៀម វណ្ណី ភេទស្រី កើតថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៨៧ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ រយៈពេល ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសព្យួរធម្មតាទាំងមូល។
ពីបទ៖ អ្នកសមគំនិតក្នុងបទក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លង ខេត្តក្រចេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២៩, មាត្រា ៦២៩, មាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ៖ តារា