ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ លោកចៅសង្កាត់ចោមចៅ២ និងស្ត្រីអ្នកលក់គ្រឿងញៀនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គល២រូប៖

១-ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទ គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណ: តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ និង ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីម្នាក់ជួញដូរគ្រឿងញៀន បន្ទាប់ពីបែកធ្លាយសារសម្លេងចៅសង្កាត់ចោមចៅ ២ ទារលុយពីស្ត្រីជួញដូរគ្រឿងញៀនម្នាក់នោះ ហើយដែរសារសម្លេងសន្ទនាត្រូវបានបង្ហោះលើបណ្តាញសង្គមដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។  

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកាថា ៖ ជុំវិញបែកធ្លាយសំឡេងចៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលទាមទារប្រាក់ចំនួន ១លានរៀល ពីស្ត្រីម្នាក់ដែលសង្ស័យជួញដូរគ្រឿងញៀនដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម និងតាមបណ្តាសារព័ត៌មានមួយចំនួននោះ គឺចៅសង្កាត់រូបនេះត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ត្រីដែលថតសំឡេងចៅសង្កាត់ ហើយមានការបង្ហោះបែកធ្លាយសម្លេងពាក់ព័ន្ធនឹងការទាមទារប្រាក់របស់ចៅសង្កាត់ចោមចៅ២ គឺក៏ត្រូវបានឃាត់ខ្លួនដែរ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ កិច្ចការងារនេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ហើយចៅសង្កាត់ចោមចៅ២ ក៏បានទទួលសារភាពថា សម្លេងនោះគឺពិតជាសម្លេងរបស់ខ្លួនពិតប្រាកដមែនដែលមានការទំនាក់ទំនងតាមទូរស័ព្ទជាមួយស្ត្រីម្នាក់សង្ស័យជួញដូរគ្រឿញៀន។

បច្ចុប្បន្ន ជនត្រូវចោទប្រុសស្រី២នាក់នេះ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖