ខេត្តកំពង់ស្ពឺ៖ លោកអភិបាលខេត្តកំពង់ស្ពឺបានមាន ប្រសាសន៍ថា៖ វិស័យកសិកម្មផ្ដោតទៅលើស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិន ស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាន នឹងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។ ក្នុងន័យនេះលោកអភិបាលខេត្តបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាកមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព បច្ចុប្បន្នទីផ្សារបន្លែបាន និងកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលទានច្រើនពីបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសនៅទីផ្សារទំនើបរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។ ដំណាំបន្លែនេះបានជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។ ការបង្កបង្កើនផលស្រូវស្រាល ស្រូវកណ្តាលឆ្នាំនេះ គឺបានទទួលបានទិន្នផលល្អប្រសើរទោះបីជាប្រជាកសិករជួបប្រទះឧបសគ្គដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងគ្រោះរាំងស្ងួតខ្លះក៏ដោយ ដែលការដាំដុះស្រូវវស្សានៅទូទាំងខេត្តបានចំនួនជាង១២ម៉ឺនហិកតា កើនជាងបណ្តាឆ្នាំមុនៗ ហើយគិតមកទល់ថ្ងៃនេះប្រមូលផលបានជាង៥០%ហើយ។ ចំពោះទិន្នផលស្រូវ គឺក្នុង១ហិកតា ទទួលបានជាង៣តោន និងតំលៃស្រូវ ដែលឈ្មួញកណ្តាលប្រមូលទិញនៅលើវាលស្រែ គឺជិត១៤០០ រៀលក្នុង១គីឡូក្រាម។
គូបញ្ជាក់ផងដែរថា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងសាកសួរទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះពិនិត្យមើលការប្រមូលផលស្រូវស្រាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ ក្របី ជូនបងប្អូនប្រជាកសិករស្ថិតនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៕
ដោយ៖ សូរិយា