ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់ដំណោះស្រាយចំគោលដៅមិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃដំណោះស្រាយដែលបានដាក់ចេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួបផ្ទាល់ សួរផ្ទាល់ ស្តាប់ផ្ទាល់ ទទួលសំណើផ្ទាល់ពីប្រជាពលរដ្ឋគឺជាវិធីសាស្រ្តល្អមួយសម្រាប់ក្តាប់ជាប់នូវបញ្ហាឬសំណូមពររបស់ពួកគាត់ដែលជាកត្តាសំខាន់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅមិនថាជាដំណោះ ស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ។
គួរបញ្ជាក់ថា នៅក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះជួបប្រជាពលរដ្ឋនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ សម្តេចធិបតី បានប្រកាសផ្តល់ផ្លូវកៅស៊ូប្រវែង ៨គីឡូម៉ែត្រ និងធុងសំរាមមួយចំនួនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកផងដែរ៕
ដោយ ៖ សិលា