ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈមិត្តអ្នកអាន៖ EBA កំពុងក្លាយជាចំណាប់ខ្មាំង របស់អ្នកនយោបាយក្បត់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សូមរំលឹកបន្តិចថា EBA (Everything But Arms) គឺជាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់លើកលែងតែអាវុធ។ បើនិយាយក្នុងបរិបទប្រទេសកម្ពុជាវិញ ប្រព័ន្ធអនុគ្រោះពន្ធនេះ ផ្តល់ឱ្យកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រ ហើយប្រព័ន្ធអនុគ្រោះពន្ធEBA នេះគឺសម្រាប់ជំរុញជីវភាពប្រជាជនកម្ពុជាទាំងមូល មិនមែនសម្រាប់បម្រើឲ្យគ្រួសារនាយករដ្ឋមន្ត្រី ឬគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសនោះទេ។ អ្នកនយោបាយជ្រុលនិយម សម រង្ស៊ី មិនដែលទទួលស្គាល់ការពិត ចំពោះការរីកចម្រើន របស់ប្រទេសជាតិនោះទេ ពោលគឺពួកគេតែងតែសប្បាយចិត្ត នៅពេលដែលពួកគេបានលឺថា សហភាពអឺរ៉ុបចង់សើរើឬដកប្រព័ន្ធអនុគ្រោះពន្ធEBA និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។ សម្រាប់ពួកប្រឆាំង ភាពខូចខាត ការខ្ទេចខ្ទាំ និងការលំបាករបស់ប្រជាជនកម្ពុជា គឺជាអ្វីដែលស្ថិតនៅក្នុងក្តីស្រមៃនិងផ្នត់គំនិតរបស់ពួកក្បត់ជាតិដែលគេប៉ុនប៉ងជាយូរណាស់មកហើយ។

ដូច្នេះការដែលអតីតមេបក្សប្រឆាំងក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និយាយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនឹងដាក់សម្ពាធលើសម្តេចតេជោ ឬដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជានោះ តាមពិតនេះជាការធ្វើនយោបាយបែបប្រជាភិថុតទៅវិញទេ ព្រោះបើមានការដក EBA បែបនេះមែន អ្នកប៉ះពាល់មុនគេគឺអ្នកវិនិយោគ ដែលនាំទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសអឺរ៉ុប និងអាចបន្តផលប៉ះពាល់ដល់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ដែលធ្លាប់ទទួលបានប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។ ត្រង់ចំណុចនេះហើយគឺសបញ្ជាក់ឲ្យឃើញច្បាស់ថា មេបក្សប្រឆាំងរត់ចោលស្រុករូបនេះ មានបំណងចង់ធ្វើបាបខ្មែរ និងជាមនុស្សអាត្មានិយម ដោយកំពុងតែយកផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ មកធ្វើជាសំណាប់ខ្មាំង និងជាឈ្នាន់ដើម្បីតថ្លៃនយោបាយ ដែលជាមហិច្ឆិតាដ៏ស្មោគគ្រោក និងដោយមិនដែលបោះបង់ចោលនូវសណ្តានបំផ្លាញនិងក្បត់ជាតិតជំនាន់របស់ខ្លួននោះឡើយ។ បើរំលឹកពីដើមហេតុដំបូងនៃការលើកមកពិចារណា ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះគឺអតីតមេបក្សប្រឆាំងរូបនេះហើយ គឺជាអ្នកដែលធ្លាប់បានស្នើសុំឲ្យសហភាពអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ត្រង់ចំនុចនេះហើយ ដែលយើងអាចវាយតម្លៃបានថា ពួកនេះជាជនក្បត់ជាតិ និងជាអ្នកបំផ្លាញជាតិខ្មែរយ៉ាងពិតប្រាកដ ហើយពួកនេះគឺធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបម្រើ និងផ្គាប់ចិត្តចៅហ្វាយនាយបរទេសរបស់ខ្លួនតែប៉ុណ្ណោះ។ 

តើអ្វីទៅជាការចង់បានរបស់ពួកប្រឆាំង ក្នុងការទាមទារឲ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា? នោះគឺពួកប្រឆាំងចង់យក EBA មកធ្វើជាការដោះដូរឲ្យមានការដោះលែងអ្នកទោសមួយចំនួនដែលបានអុកឡុកបង្កចលាចល ព្រមទាំងធ្វើសកម្មភាពអុជអាល ញុះញង់បំផុសបំផុលក្នុងសង្គមជាបន្តបន្ទាប់និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ពួកប្រឆាំងយកលេសថា ការចាត់វិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលគឺជាការរំលោភសិទ្ធិមនុស្ស ប៉ុន្តែការពិតបើនិយាយជារួមទៅបញ្ហា EBA នេះ គឺមិនមែនជារឿងប្រជាធិបតេយ្យ ឬការរំលោភសិទ្ធិមនុស្សអ្វីនោះទេ តាមពិតវាគឺជារឿងនយោបាយសុទ្ធសាធ ហើយបើសហភាពអ៊ឺរ៉ុបសម្រេចដក EBA ចេញពីកម្ពុជាទាំងស្រុងមែន គឺបង្ហាញថា អឺរ៉ុបបានសាងកំហុសមួយដ៏ធំសម្រាប់កម្ពុជា ព្រោះជាការជឿតាមក្រុមប្រឆាំងមួយក្តាប់តូច ដែលមិនបានស្វែងយល់ពីការពិតនៅកម្ពុជាទាល់តែសោះ ជាពិសេសតថភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន។ សព្វថ្ងៃនេះ ពលរដ្ឋកម្ពុជាជាង១៧លាននាក់ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ហើយពលរដ្ឋគ្រប់ៗរូប មានសិទ្ធិសេរីភាពពេញលេញគ្រប់បែបយ៉ាង។

ប៉ុន្តែបើសិនជា EBA គឺគ្រាន់តែជាអន្ទាក់នយោបាយសម្រាប់ប្រទេសក្រីក្រ ដោយយកសេដ្ឋកិច្ចជានុយមែននោះ ដូច្នេះរដ្ឋាភិបាលកម្ពុជានឹងមិនយកអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន ទៅដោះដូរជាមួយប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនោះឡើយ ព្រោះថាមុននិងក្រោយ EBA នេះអ៊ឺរ៉ុបនឹងកាត់ចេញពីកម្ពុជានៅថ្ងៃណាមួយមិនខាន ពោលគឺនៅពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះបន្តិចម្តងៗដោយស្វ័យប្រវត្តិជាក់ជាមិនខាន។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាបាននឹងកំពុងរស់នៅក្រោមម្លប់សន្តិភាពបរិបូរណ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតៗ។ ប្រជាជនកម្ពុជាដ៏ច្រើនលើលលប់គាំទ្រ ស្រឡាញ់ និងជឿជាក់ ចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឆ្លាសវៃជាច្រើនអាណត្តិកន្លងមកហើយ ដែលបានធ្វើឱ្យប្រជាជនមានសេចក្តីសុខ និងមានភាពរីកចម្រើន សម្បូរសប្បាយ ហើយនៅថ្ងៃអនាគតយើងជឿជាក់ថា កម្ពុជានឹងកាន់តែជឿនលឿន និងអភិវឌ្ឍន៍ទៅមុខក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដូចការគ្រោងទុករបស់រាជរដ្ឋាភិបាលជាក់ជាពុំខានឡើយ៕

ដោយ៖ ជា ឧត្តម


ចែករំលែក៖