ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់​ខ្ពស់​CDC៖​ កម្ពុជា​ ជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន, មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) ដែលរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC) សណ្ឋាគារ សាន់ & មូន៖ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ 

កិច្ចប្រជុំកំពូលនេះមានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាទ្បេស៊ីប្រចាំកម្ពុជា, ឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។ 

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ និងបានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាទ្បេស៊ីឆ្នាំ២០២៤ នៅទីក្រុងកូទ្បាទ្បាំពួរ ប្រទេសម៉ាទ្បេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដែលវេទិកានេះបានចូលរួមជំរុញផ្សព្វផ្សាយពីបរិស្ថាន និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ី។ 

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការបានជម្រាបជូនពីកត្តាសំខាន់ៗមួយចំនួន និងលក្ខខណ្ឌអំណោយផលដែលបានទាក់ទាញក្រុមហ៊ុនម៉ាទ្បេស៊ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក ព្រមទាំងបានគូសរំលេចបន្ថែមថា កម្ពុជាជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន, មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន, មានកម្លាំងពលកម្មវ័យក្មេង, ព្រមទាំងបាននិងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលការណ៍នេះបានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់៕

ដោយ​៖ តារា​


ចែករំលែក៖