អន្តរជាតិ ៖ មន្ត្រីសុខាភិបាលបានណែនាំអោយមានការប្រុងប្រយ័ត្នក្នុងការធ្វើម៉ាស្សា ក ដោយប្រើតែជំនាញពិតប្រាកដ ។ ការណែនាំនេះត្រូវបានធ្វើឡើងបន្ទាប់ពីតារាចម្រៀង Chayada Prao-Hom បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨ ខែធ្នូឆ្នាំ២០២៤ កន្លងទៅនេះ បន្ទាប់ពីបានទទួលការម៉ាស្សាកញ្ចឹង ក ចំនួន ៣ ដងនៅក្នុងខេត្ត Udon Thani ។ នាង Chayada បានទៅធ្វើម៉ាស្សាស្មា និង កញ្ចឹងក ៣ ដងនៅកន្លែងម៉ាស្សាមួយក្នុងខេត្ត Udon Thani បន្ទាប់ពីនាងមានអារម្មណ៍រោយស្រពន់ស្មា តែបន្ទាប់មកទៀតនាងចាប់ផ្តើមឈឺកញ្ចឹងក និង ស្ពឹកដៃ ហើយ បានទទួលមរណភាពក្រោយពេលម៉ាស្សានេះ ៣ ខែ ។ ការឆ្លុះបានបង្ហាញថានាងមានការហើមក្នុងខួរបណ្តាលមកពីការរបួសសរសៃ ក ដែលធ្វើអោយការបញ្ជូនឈាមទៅខួរក្បាលមិនបានគ្រប់គ្រាន់ ។ នេះបើយោងតាមការផ្សាយរបស់ កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៩ ខែធ្នូ ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា