ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខណ្ឌកំបូល សុំអាជ្ញាធរជួយតទឹកស្អាត ផ្លូវ លូ ការស្ដារប្រឡាយ និងភ្លើងបំភ្លឺផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណវត្តភ្នៀតសិម្លី សង្កាត់ស្នោរ ខណ្ឌកំបូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានស្នើ សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយតបណ្ដាញ ទឹក ស្អាត ស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ និងស្នើសុំអាជ្ញាធរជួយទប់ស្កាតការបង្ហូទឹកស្អុយ ទឹកកខ្វក់មានជាតិគីមី  ចេញពីតំបន់សេដ្ឋកិច្ចពិសេស ចូលប្រឡាយធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅសង្កាត់បឹងធំ,កំបូល និងប្រទះឡាង ។ នេះជាកង្វល់របស់ពួកគាត់លើកឡើង ក្នុងវេទិការពិគ្រោះយោបល់ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម សេង វណ្ណៈ  អភិបាលរងរាជធានី តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

       ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់០៨បញ្ហា និងសំណើជាលាយលក្ខណ៍អក្សរចំនួន៣៨បញ្ហា    ចំពោះសំណួរនិងសំណើ ផ្ទាល់មាត់រួមមាន ប្រជាពលរដ្ឋរស់ នៅភូមិ ព្រៃឈូក ភូមិក្រាំង ភូមិស្ងួនពេជ្រ ភូមិបឹងធំ ភូមិដើមស្នារ ភូមិត្រពាំងស្វាយ រស់នៅសង្កាត់ស្នោរ សង្កាត់កន្ទោក សង្កាត់ ប្រទះឡាង សង្កាត់កំបូល ចំពោះការលើកឡើងជាសំណើផ្ទាល់មាត់ទាំង០៨នាក់នេះ ត្រូវបាន អាជ្ញាធរខណ្ឌ រាជធានី និងមន្ទីរជំនាញ ធ្វើការបកស្រាយបំភ្លឺភ្លាមៗ ជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើ និងសំណូមពរខ្លះត្រូវបានដោះ ស្រាយបានលទ្ធផលភ្លាមៗ និងសំណើ សំណូមពរខ្លះទៀតរងបញ្ជូនទៅ ថ្នាក់លើ និងសំណើខ្លះទៀតរងចាំប្រជុំបន្ដ និងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។    

      លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា ការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាននាប៉ុន្មានឆ្នាំនេះ គឺពិតជាមានបញ្ហា ដោយគម្រោងខ្លះ ត្រូវខកខាន ឬពន្យារពេលដោយបញ្ហាសារខ្វះថវិកា តែរាល់សំណើ និងសំណូមពរ ខ្លះរបស់បងប្អូន មានមួយចំនួនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ហើយយើងក៏តែងបានឱ្យមេភូមិ ចៅ សង្កាត់ ផ្សព្វផ្សាយពីគម្រោងរបស់ខណ្ឌ និងសង្កាត់ ដែលត្រូវអនុវត្តន៍ទាំងនោះឱ្យប្រជា ពលរដ្ឋបានជ្រាបផងដែរ។ ចំពោះការស្នើសុំការស្តារប្រឡាយនោះ អាជ្ញាធរខណ្ឌកំបូល នឹងដោះស្រាយ ជូនប្រជាពលរដ្ឋនៅពេលខាងមុខនេះ ពោលគឺដាក់គ្រឿងចក្រចុះកាយតែម្តង។ បញ្ហាបរិស្ថាន អាជ្ញាធរ ខណ្ឌ សង្កាត់ និងចុះផ្សព្វផ្សាយ អប់រំ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង ពីការទុកដាក់សំរាម តាមម៉ោងពេល ។ 

     ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ 

 បញ្ហាបរិស្ថាន បញ្ហាស្ថាបនាផ្លូវ លូ ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរក យន្តការដោះស្រាយជូន ។ 

  ឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ  បានមានប្រសាសន៍ថា អាជ្ញាធររាជធានី នឹងខិតខំពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះនៅពេលឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសំណើរ និងសំណូមពរដែលជាការលើកឡើង របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។  ឯកឧត្ដមបានបន្តថា ចំពោះបញ្ហាណាដែលប្រជាពលរដ្ឋបានលើក ឡើង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ វេទិការសាធារណៈ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលទទួលបានព័ត៌មាន និងតម្រូវការថ្មី ៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការណ៍ដោះ ស្រាយឱ្យចំទិសដៅជូនប្រជាពលរដ្ឋ៕

ដោយសំរិត


ចែករំលែក៖