ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីព័ត៌មានកម្ពុជា៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងប្រទេសចិន បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់

ចែករំលែក៖

ប្រទេសចិន ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មានកម្ពុជា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសអាស៊ាន និងប្រទេសចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមេគង្គ-ឡានឆាង” ។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ បានជំរុញឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីទំនាក់ទំនងក្នុងតំបន់ ដោយជំរុញការយោគយល់ និងទំនាក់ទំនងមិត្តភាពទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។  

លោកបានលើកឡើងពីសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្សាភ្ជាប់វប្បធម៌ ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន និងតំណាងស្ថាប័នសារព័ត៌មានពីបណ្តាលប្រទេសអាស៊ីខាងត្បូង និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ចំនួនប្រមាណ២០០នាក់។ 

ក្នុងសុន្ទរកថានៅវេទិកាប្រចាំឆ្នាំរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤លោក នេត្រ ភក្ត្រាបាន បានលើកឡើងជាអនុសាសន៍ចំនួន៤ ជូនដល់អ្នកចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៖  ១. ពង្រឹងវេទិកាចែករំលែកព័ត៌មាន និងរួមចំណែកក្នុងគម្រោងសហការដើម្បីបង្ហាញអំពីវប្បធម៌ចម្រុះ និងការអភិវឌ្ឍក្នុងតំបន់។ ២.  ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផលិតរួមគ្នា និងដោះស្រាយហានិភ័យដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីៗ។ ៣. បង្កើតកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។ និង៤. បង្កើនការចូលរួមក្នុងកិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីពង្រីកវត្តមានរបស់បណ្តាញនេះនៅលើកម្រិតសកល។    

បន្ថែមលើនេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់ស្ថាប័នរបស់ខ្លួន ដើម្បីផ្សព្វផ្សាយសារវិជ្ជមាន និងជំរុញការលើកស្ទួយផ្នែកវប្បធម៌ និងចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។វេទិកានេះបានសង្កត់ធ្ងន់លើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកំណត់អនាគតតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូដ៏សកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕

ដោយ ៖ សិលា


ចែករំលែក៖