ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស​ចំនួន​ ១០នាក់​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងកាលពីរសៀល​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ថា៖​ បន្ទាប់​ពី​មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីមនុស្ស​ ០២ក្រុម វាយគ្នាទៅវិញទៅមកដោយមានប្រើដំបងទីប នៅម្តុំស្ថានីយ៍ប្រេង PTT ឃ្លាំងលើ​ កាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់​ ជនជាតិខ្មែររងរបួសជើងធ្ងន់ធ្ងរ ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យឯកជន៨៨៨ ។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងល្បាតរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ និងកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាជនជាតិខ្មែរចំនួន​ ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន​ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី ។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ដំបងទីប​ចំនួន​ ២ដេីម ទូរស័ព្ទដៃចំនួន​ ៤គ្រឿង នាឡិកាដៃចំនួន​ ១គ្រឿង ។

បច្ចុប្បន្ន​ ដោយអ្នករងរបួស​ម្នាក់​ មានសភាពរបួសធ្ងន់ធ្ងរ ពេកត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ 

គួរបញ្ជាក់ថា​ ចំពោះអ្នកពាក់ព័ន្ធ​ និងវត្ថុតាង​ក្នុងករណីខាងលើ​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ កំពុងធ្វើការសួរនាំ​ និងស្រាវជ្រាវបន្ថែម ៕

ដោយ​៖ តារា​


ចែករំលែក៖