ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះថា៖ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីមនុស្ស ០២ក្រុម វាយគ្នាទៅវិញទៅមកដោយមានប្រើដំបងទីប នៅម្តុំស្ថានីយ៍ប្រេង PTT ឃ្លាំងលើ កាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ ជនជាតិខ្មែររងរបួសជើងធ្ងន់ធ្ងរ ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យឯកជន៨៨៨ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងល្បាតរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាជនជាតិខ្មែរចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំតាមនីតិវិធី ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ដំបងទីបចំនួន ២ដេីម ទូរស័ព្ទដៃចំនួន ៤គ្រឿង នាឡិកាដៃចំនួន ១គ្រឿង ។
បច្ចុប្បន្ន ដោយអ្នករងរបួសម្នាក់ មានសភាពរបួសធ្ងន់ធ្ងរ ពេកត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធ និងវត្ថុតាងក្នុងករណីខាងលើ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ថែម ៕
ដោយ៖ តារា