ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសង្កាត់៣ក្នុងខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល និងសូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍ឱ្យបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីឱ្យសិស្សានុសិស្សបានយល់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈនៅ ក្នុង១ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងរហូតដល់១០លើក។

      ការស្នើសុំបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ  ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹ ក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឆាយ វីរៈ អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

     ឯកឧត្ដម ម៉ប់ សារិន ក្នុងឱកាសនោះ បានមានប្រសាសន៍សរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមាន សមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជា ពលរដ្ឋខ្មែរ និង ជនបរទេស ចូលរួម ដើរលេងកំសាន្ត ប្រកប ដោយទឹកមុខសប្បាយរីករាយ ប្រមាណជាង៦លាននាក់ ។ 

      ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ម៉ប់ សារិន បានបញ្ជាក់ថា៖ កងកម្លាំងមានសមត្ថកិច្ចគ្រប់ខណ្ឌ សង្កាត់ ដែលបានខិតខំបំពេញភារកិច្ចរហូតធ្វើឱ្យបទល្មើសក្នុងខែវិច្ឆិកាបានថយចុះនេះក៏សូមអរគុណជាខ្លាំងផងដែរ ។ ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង រហូត១០ករណី ដូច្នេះស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តការផ្សព្វផ្សាយច្បាប់ចរារណ៍ឱ្យ បានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីឱ្យសិស្សានុសិស្សបានយល់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងសូមជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូលផងដែរ ។

     ឯកឧត្ដម ឆាយ វីរៈ ក៏ដូចជាតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា៖ នៅសង្កាត់ស្នោ កាលពីឆ្នាំ២០២២ ឫ២០២៣ គឺពិតជាមានការខ្វះទឹកស្អាតប្រើប្រាស់ ប៉ុន្តែឆ្នាំនេះអាចនៅខ្វះតិចតួចទេ។យើងអាចដោះស្រាយបានល្អលើការផ្គត់ផ្គង់ទឹកស្អាតនេះ ដោយនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះ យើងនឹងសម្ពោធអនុស្ថានីយផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៦០០០មែត្រគូបក្នុង១ថ្ងៃ ជាមួយនឹងការតភ្ជាប់បំពង់មេធំបានសម្រេចមុនផែនការ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៥។

      ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានបន្តថា៖ ការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ជាការជំរុញ លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តបំពេញការងារជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកាន់តែល្អថែមទៀត ៕ 

ដោយ ៖ សំរិត


ចែករំលែក៖