ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា​ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរង ដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោវរសេនីយ៍ឯក ហេង អួង អធិការនគរបាលស្រុកកែវសីមានិងកម្លាំងអធិការដ្ឋានព្រមទាំងកម្លាំប៉ុស្តិ៍រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ លោកមេភូមិរង លោកមេឃុំចក់ចា ស្រុកស្នួល ខេត្តក្រចេះ។

លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៤នាក់ ភេទប្រុស ៖ ១-ឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន), ២-ឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់), ៣-ឈ្មោះ ភឿន ញេន, ៤-ឈ្មោះ សេង ម៉ាប់ (ហៅតាកូរ៉េ) ។ សមត្ថកិច្ចបានធ្វើកាពិនិត្យរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមានទាំងអស់ (+) ។ 

សម្ភារៈ និងវត្ថុតាង ដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន ៖

-ក្រាមពណ៌ស ថ្លា សង័្សយជាសារធាតុញៀនចំនួន ០៩កញ្ចប់ (១កញ្ចប់ធំល្មម និង០៨កញ្ចប់តូច) ទម្ងន់៨.៨៧ ក្រាមថ្លឹងទាំងសំបក

-ម៉ូតូម៉ាក Honda wave អាល់ហ្វាចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០២គ្រឿង

-ម៉ូតូ Yamaha Exenter  ចំនួន ០១គ្រឿង

-អាវុធកែច្នៃ (ប្រើហ្គាស) ចំនួន ០៣ដើម

-ដាវចំនួន ០៣ដើម

-ពូថៅចំនួន ០៣ដើម

-កាំបិតផ្គាក់ចំនួន ០២ដើម

-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។

បច្ចុប្បន្នត្រូវបានកសាងសំណុំរឿងចែកចេញជា២សំណុំរឿង គឺករណីលួច និងទទួលផលចោរកម្ម និងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ជូនកម្លាំងជំនាញ នៃផែនព្រហ្មទណ្ឌ និងផែនប្រឆាំងគ្រឿងញៀន។ ផែនព្រហ្មទណ្ឌ ជនសង្ស័យចំនួន ១នាក់ និងសម្ភារៈវត្ថុតាង ផែនប្រឆាំងគ្រឿងញៀនជនសង្ស័យចំនួន ៣នាក់ និងសម្ភារៈវត្ថុតាង។ 

បច្ចុប្បន្នកម្លាំងជំនាញនៃផែនទាំង០២ និងកម្លាំងជំនាញ នៃអធិការស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍ស្រែខ្ទុម កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖