ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្ស​២នាក់​ ពាក់ព័ន្ធ​បទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនាគារ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន​២នាក់​ ពាក់ព័ន្ធ​បទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនាគារ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និង​បានបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃសៅរ៍ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ។ 

សូមជម្រាបថា​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗ​នេះ​​ បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនាគារ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២រូប (ស្រី០១រូប) ទី១ឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង០២រូប ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានោះ​ នាយកដ្ឋានសូមជម្រាបជូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិកក្នុងការផ្ដល់អត្តសញ្ញាណរបស់ខ្លួន បើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស អំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ​៖ តារា​


ចែករំលែក៖