ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រសួងស្ថាប័នពាក់ព័ន្ធបានចូលរួមប្រកបដោយស្មារតីបុរេសកម្មក្នុងការទទួលខុសត្រូវ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរៀបចំដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ ការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរមួយកម្រិតទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀលក្នុងមួយឆ្នាំមិនត្រូវជាប់ កាតព្វកិច្ច បង់ពន្ធចូលរដ្ឋនោះឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលឲ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋ ឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ ៕
ដោយ ៖ សិលា