ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅសណ្ឋាគារ សុខាភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀលក្នុងមួយឆ្នាំមិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ។
-សម្តេចធិបតី ថ្លែងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលឲ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋ ឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។
-សម្តេចធិបតី ថ្លែងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
-សម្តេចធិបតី ថ្លែងណែនាំឲ្យក្រសួងជំនាញ ចុះអប់រំ និងធ្វើការផ្សព្វផ្សាយ បន្ថែមទៀត ដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្តេចធិបតី ព្រមានចំពោះអ្នកណា ដែលបន្លំប្រជាពលរដ្ឋរត់ការ ទាក់ទងនឹងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ។
-សម្តេចធិបតី ព្រមានថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពី បងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយសម្តេច ក៏បានឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវតាមដានចំពោះបញ្ហានេះផងដែរ។
-សម្តេចធិបតី ថ្លែងប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាថែរក្សា និងការពារនូវសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកំពុងកើតមានឡើងនេះ ឲ្យខាងតែបាន។
-សម្តេចធិបតី ថ្លែងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។
-សម្តេចធិបតី ថ្លែងស្នើឲ្យអាជ្ញាធរខេត្តទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មាន ពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយ ពិនិត្យឡើងវិញ នូវដំណើរការពាក់ព័ន្ធការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យបានត្រឹមត្រូវ និងមានសង្គតិភាពកុំឱ្យមានការកេងចំណេញ។
-សម្តេចធិបតី ថ្លែងចាត់ទុក «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨»។
-សម្តេចធិបតី ថ្លែងថា ការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។
-សម្តេចធិបតី ថ្លែងរំលេចថា បច្ចុប្បន្នសកលលោកទាំងមូល មានការប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗ អាចកើតមានឡើងគ្រប់ពេល ដែលការណ៍នេះអាចបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ, ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់ទៅ នឹងវិបត្តិនានា ដែលអាចនឹងកើតឡើងជាយថាហេតុ។
-សម្តេចធិបតី ថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចនៅក្នុង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
-សម្តេចធិបតី ថ្លែងថា ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្តចំនួន៥រួមមាន ៖ (១). ការកំណត់, កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ, (២). ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, (៣). ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, (៤).ការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, និង (៥).ការពង្រីក និងពង្រឹងការផ្សព្វ-ផ្សាយ, ការលើកកម្ពស់ការយល់ដឹង និងការចូលរួម។
-សម្តេចធិបតី ថ្លែងថា «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២ ដូចខាងក្រោម៖
ទី១៖ ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ: រាជរដ្ឋាភិបាលយល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។
ជាក់ស្តែង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ ។ ក្នុងន័យនេះ, យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើតឡើងជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាង, អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួលរហ័ស និងឥតគិតថ្លៃសេវា; និងម្យ៉ាងទៀត, អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។
ទី២៖ ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង-ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សូមជម្រាបថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ដោយ៖តារា