ខេត្តកណ្តាល ៖ លោកយាយជរាម្នាក់បន្ទាប់ពីមានអាការរងាបានឱ្យកូនដុតភ្លើងនៅក្រោមគ្រែដើម្បីយកកម្តៅ តែភ្លេចខ្លួន ខ្យល់បក់ប៉ើងកម្ទេចភ្លើងទៅប៉ះជញ្ជាំងស្លឹក បង្កជាអគ្គិភ័យឆាបឆេះផ្ទះ និងលោកយាយរងរបួសធ្ងន់ ដោយឆេះរលាកពេញខ្លួន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចជួយអន្តរាគមន៍ រំដោះដូនចាស់ចេញពីភ្លើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា លោកយាយរងរបួសមានឈ្មោះ គួន ទៀង អាយុ៧២ឆ្នាំ រស់នៅផ្ទះកើតហេតុ សង់ពីឈើប្រក់ស្លឹកត្នោត ជញ្ជាំងបាំងស័ង្កសី ទំហំ៤ម៉ែត្រx៦ម៉ែត្រ ។
បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ខណៈដែលលោកយាយមានអាការរងា បានឱ្យកូនដុតភ្លើងនៅក្រោមគ្រែដើម្បីយកកម្តៅ ដោយភ្លេចខ្លួនស្របពេលដែលខ្យល់បក់រំភើយៗធ្វើឱ្យប៉ើងកម្ទេចភ្លើងទៅប៉ះស្លឹកកណ្តបជញ្ជាំងផ្ទះ បណ្តាលឱ្យឆាបឆេះផ្ទះ ផ្អើលដល់អ្នកភូមិនិងកម្លាំងអាជ្ញាធរ សមត្ថកិច្ចជួយអន្តរាគមន៍ រំដោះជនរងគ្រោះចេញពីភ្លើង ប៉ុន្តែឆេះរលាកពេញខ្លួនរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ អាជ្ញាធរ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ គ្រោះអគ្គិភ័យនេះដែរបានបណ្តាលឲ្យខូចខាតសំយាបផ្ទះ និងខូចខាតសម្ភារៈអស់មួយចំនួន តែមិនរាលដាលទៅផ្ទះជិតខាងឡើយ៕
ដោយ៖ ជ្រោយពេជ្រ