ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើការអនុវត្ត និងការដាក់ឱ្យអនុវត្តវិធានការក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យមានសង្គតិភាព កុំឱ្យមានភាពស៊ាំញ៉ាំ ធ្វើឱ្យត្រឹមត្រូវតាមគោលការណ៍ស្ម័គ្រចិត្តដែលមិនមានការបង់ថ្លៃ ការផ្តល់ផលឱ្យទាន់ពេលវេលា ហើយត្រូវធ្វើយ៉ាងណាព្យាយាមទប់ស្កាត់ការឆ្លៀតកេងចំណេញតាមគ្រប់រូបភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងត្រូវយកចិត្តទុកដាក់ និងសហការជាមួយស្ថាប័នផ្សេងៗជាដៃគូ ហើយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលរាជធានី-ខេត្តត្រូវជួយផ្សព្វផ្សាយអំពីថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យអាជ្ញាធរខេត្តទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មាន ពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយ ពិនិត្យឡើងវិញ នូវដំណើរការពាក់ព័ន្ធការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យបានត្រឹមត្រូវ និងមាន សង្គតិភាព កុំឱ្យមានការកេងចំណេញ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត ៕
ដោយ ៖ សិលា