ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស្លូវ៉ាគី៖ «សន្តិភាពមិនអាចសម្រេចបាន ប្រសិនបើអ៊ុយក្រែនមិនបាត់បង់ទឹកដីរបស់ខ្លួនមួយផ្នែក»

ចែករំលែក៖

ថ្លែងនៅស្ថានីយ៍ទូរទស្សន៍សាធារណៈ STVR របស់ប្រទេសស្លូវ៉ាគី កាលពីចុងសប្តាហ៍ ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បានអះអាងថា ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន ទីក្រុងគៀវ ប្រហែលជាត្រូវទទួលយកការបាត់បង់ផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានអំពាវនាវឱ្យចាប់ផ្តើមការចរចាសន្តិភាពភ្លាមៗ។លោក Pellegrini បាននិយាយថា “នៅពេលដែលវាមកដល់សន្តិភាព ខ្ញុំជឿថាការពិតត្រូវតែរក្សាបាន។ សព្វថ្ងៃនេះ ប្រហែលជាគ្មានមនុស្សណាម្នាក់នៅក្នុងទ្វីបអឺរ៉ុបដែលជឿថាសន្តិភាពអាចសម្រេចបានដោយមិនមានការបាត់បង់ទឹកដីមួយចំនួនសម្រាប់អ៊ុយក្រែននោះទេ”។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតី Pellegrini ត្រូវបានធ្វើឡើងនៅមុនថ្ងៃចូលកាន់តំណែងនៅខែមករា ឆ្នាំ 2025 របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលបានសន្យាថានឹងនាំអ៊ុយក្រែន និងរុស្ស៊ីទៅកាន់តុចរចាសន្តិភាព។
លោក Pellegrini ពីមុនក៏បានសម្តែងការប្រឆាំងចំពោះការអញ្ជើញអ៊ុយក្រែនភ្លាមៗឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយនិយាយថា ការចូលជាបន្ទាន់គឺ “មិនប្រាកដនិយម” នៅក្នុងសម័យសង្រ្គាម។ លោក Pellegrini គឺជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ដែលបានរិះគន់យ៉ាងខ្លាំងចំពោះជំនួយយោធាដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី៕ ដោយ៖ ធីរីណា

រូបថត​៖ Getty Images


ចែករំលែក៖