ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុម ការងារលេខាធិការដ្ឋានខេត្ត ក្រុង ស្រុក សរុបសមាសភាពចូលរួមប្រមាណ ១០០នាក់។
កិច្ចប្រជុំនារសៀលនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) បូកសរុបលទ្ធផលការងាររបស់ក្រុមការងារ រាជ រដ្ឋាភិបាលប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ (២) តាមដានលើការងារ ដែលបានដាក់ ចេញក្នុងកិច្ចប្រជុំកន្លងមក (៣) ពិនិត្យលើការងារផ្សេងៗពាក់ព័ន្ធនឹងបញ្ហា ប្រឈម សំណូមពរ និងសំណើពីមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ដែលក្រុមការងារ រាជរដ្ឋាភិបាលមិនទាន់ដោះស្រាយរួច ដើម្បីរួមគ្នាពិភាក្សារកវិធីសាស្ត្រដោះស្រាយ ឬធ្វើ របាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និង (៤) អនុវត្តការ ងារស្របតាមសេចក្តី ណែនាំលេខ ០៤ សណន របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត ត្រូវធ្វើការប្រជុំបូកសរុបលទ្ធផលការងាររៀងរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងត្រូវរៀបចំរបាយការណ៍ដាក់ជូនលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
រយៈពេល ១ឆ្នាំមកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺនិងក្រុម ការងាររាជរដ្ឋាភិបាលតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ បានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការចូលរួមគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥និងស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ទន្ទឹមនេះការគាំទ្រ និងជំរុញការអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ ក៏ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕
ដោយ៖ សូរិយា