ខេត្តកណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅព្រឹកថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤ ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ទីក្រុងរណបថ្មី នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយតប ទៅនឹងតម្រូវការកើនឡើង នៃនគរូបនីយកម្ម សុខុមាលភាពទីក្រុង កំណើនប្រជាជន កំណើនតម្រូវការលំនៅឋាន នៅក្នុង និងក្បែរទីប្រជុំជនមមាញឹក ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្ម និងបំពេញកិច្ចការងារប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ អាចជ្រើសរើសយកទីតាំងលំនៅឋាន នៅក្រុងអរិយក្សត្រ សម្រាប់ការ ស្នាក់នៅ។
ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុងឆ្លាតវៃសម្រាប់ ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ ទន្លេព័ទ្ធជុំវិញ៕
ដោយ ៖ សិលា