ខេត្តស្វាយរៀង៖ ឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក ម្ចាស់ផេក ENN-tv.com បានចុះ ផ្សាយអត្ថបទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំណងជើងថា៖ អង្គភាពប្រឆាំងអំពើពុករលួយ គួរ ដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅ ប្រធាន អនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំង យប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ។
ក្នុងនាមខ្ញុំជាប្រធានស្ថានីយបាវិត សុំធ្វើការឆ្លើយបំភ្លឺដូចខាងក្រោម៖
> ការចុះផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គមហ្វេសបុកខាងលើ គឺជាព័ត៌មានគ្មានប្រភពច្បាស់លាស់ ចុះផ្សាយមូលបង្កាច់បំផ្លើសការពិតទាំងស្រុង។
> យើងខ្ញុំជាប្រធាន អនុប្រធានស្ថានីយ គឺមិនដែលណែនាំឱ្យមន្ត្រីប្រចាំការ ទៅទារលុយបាយទឹក ពី អ្នកបើកបររថយន្ត ជាថ្នូរនឹងការដឹកលើសទម្ងន់ឡើយ។ រាល់ពេលរថយន្តដឹកទំនិញបានឆ្លងកាត់ ចូលថ្លឹងក្នុងស្ថានីយ បើក្រុមការងារពិនិត្យឃើញថារថយន្តនោះបានផ្ទុកលើសទម្ងន់កម្រិតកំណត់ នោះក្រុមការងារ នឹងឃាត់ទុកធ្វើការផាកពិន័យទៅតាមច្បាប់ ដែលមានជាធរមាន។ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរ តែងតែប្រជុំណែនាំពង្រឹងការងារ ដល់មន្ត្រីប្រចាំការនៅស្ថានីយ ឱ្យយកចិត្តទុកដាក់ អនុវត្តការងារស្របទៅតាមច្បាប់។
> ចំពោះករណីចោទថាលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានបើកដៃ ឱ្យប្រធាន អនុប្រធានស្ថានីយ ក៏ដូចជាមន្ត្រីប្រចាំការនៅស្ថានីយទៅទារលុយបាយទឹកពីអ្នកបើកបរ រថយន្ត ជាថ្នូរនឹងការដឹកលើសទម្ងន់ វាជាការចុះផ្សាយមូលបង្កាច់បំផ្លើសការពិតទាំងស្រុង។ ការ ពិតទៅលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងគាត់តែងតែដាស់តឿន និង ណែនាំជារឿយៗដល់មន្ត្រីប្រចាំការនៅស្ថានីយឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របទៅតាមច្បាប់ និងឱ្យឧស្សាហ៍ចុះទៅមើលតាមផ្លូវវាងផ្សេងៗ ប្រការខ្លាចមានរថយន្តធុនធំៗដឹកលើសទម្ងន់កម្រ ត់កំណត់គេសវេសមិនចូលថ្លឹងនៅស្ថានីយ។ ហើយក្នុងករណីនេះក្រុមការងារយើងក៏បានសហការ ជាមួយក្រុមចល័តក្រសួងបានធ្វើការចាប់ផាកពិន័យ និងឃាត់រក្សាទុករថយន្តចំនួន០៤គ្រឿងរយៈ ពេលមួយឆ្នាំនៅស្ថានីយ។
> ដោយឡែករថយន្តធុនធំៗ ប្រភេទសណ្តោងរ៉ឺម៉ក ដឹកទំនិញហូរហៀរ នៅតែអាចចរាចរលើផ្លូវ បាន តាមពិតនោះ គឺជារថយន្តដឹកទំនិញស្រាលៗ ឡាំងស្ងោរ សំបកកេសជាប្រភេទទំនិញអេតចាយនិងរថយន្តដឹកអង្គាមស្រាលៗ គឺមិនបានផ្ទុកលើសទម្ងន់ឡើយ បើយើងមិនបានពិនិត្យផ្ទាល់ ឬគិត លើទម្ងន់ផ្ទុក នៃប្រភេទរថយន្តនីមួយៗ តាមច្បាប់កំណត់នោះទេ គឺអាចយល់ច្រឡំ តែការពិតរថ យន្តដឹកទំនិញស្រាលៗ តែប៉ុណ្ណោះ។
> ស្ថានីយយើងខ្ញុំ បានអនុវត្តកន្លងមក គឺគោរពទៅតាមតួនាទីការកិច្ច ដែលថ្នាក់ដឹកនាំ បានប្រគល់ជូន ក្នុងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តិនិង ច្បាប់ដែលមានជាធរមាន។
> ចំពោះប្រភេទជញ្ជាំង ដែលក្រសួងសាធារណការ និងដឹកជញ្ជូន យកមកប្រើប្រាស់ដាក់អោយដំណើរការ គឺមានការអនុញ្ញាត និងចេញបញ្ជាក់វិញ្ញាបនបត្រត្រួតពិនិត្យពី មជ្ឈមណ្ឌលមាត្រាសាស្ត្រ ជាតិកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។
> ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញធុនធំ គ្រប់ប្រភេទ សូម ចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ឱ្យ ប្រើប្រាស់បានយូរអង្វែង និងបើកបរមានសុវត្ថិភាព។
ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ ដែល តែងតែយកចិត្តទុកដាក់គោរពច្បាប់ និងចូលរួមសហការក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់។ យើងខ្ញុំសូមទទួលយករាល់មតិរិះគន់ស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបំពេញចន្លោះខ្វះខាត និងអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ តារា