ព័ត៌មានទាន់ហេតុការណ៍៖

កុមារាអាយុ ១ឆ្នាំ ៦ខែ បានលង់ទឹកស្លាប់យ៉ាងសង្វេគ សង្ស័យចុះបេះផ្កាឈូកក្នុងស្រះក្បែរផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធចុះសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីពិនិត្យសពកុមារាម្នាក់ដែលបានលង់ទឹកស្លាប់ ខណៈគេសង្ស័យបណ្ដាលមកពីកុមារារងគ្រោះ ចុះបេះផ្កាឈូកក្នុងរណ្ដៅមួយដែលជីកក្នុងអូរក្បែរផ្ទះ នេះបើតាមការបញ្ជាក់ពីអ្នកភូមិរស់នៅក្បែរគ្នា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ 

ប្រភពពីអ្នកភូមិដដែលឲ្យដឹងទៀតថា ហេតុការណ៍ភ្ញាក់ផ្អើលដោយសារកុមារាលង់ទឹកខាងលើ បានកើតឡើងនៅចំណុចរណ្ដៅដីមួយកន្លែងដែលគេជីកក្នុងអូរ(គ្មានទឹក)ស្ថិតនៅភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ 

ប្រភពបញ្ជាក់ទៀតថា កុមារារងគ្រោះឈ្មោះ សុភា ផាន់ណា អាយុ ១ឆ្នាំ ៦ខែ រស់នៅក្នុងបន្ទុកឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចចុះពិនិត្យសព កុមារារងគ្រោះអាចពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដ ដែលសង្ស័យអាចបណ្ដាលមកពី(កុមារា)ឃើញផ្កាឈូក ហើយទំនងក៍ចុះបេះទើបលង់បែបនេះទៅ ។

ប្រភពបញ្ជាក់បន្ថែមថា សពកុមារាសមត្ថកិច្ចធ្វើកំណត់ហេតុត្រឹមត្រូវ ទើបប្រគល់ទទួលជូនឪពុកម្ដាយ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖