ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ ដែលត្រូវបានតែងតាំងជាមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមនាវី នៅកម្ពុជានាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា អាមេរិក ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានរយៈពេលជាង៧០ឆ្នាំ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមនៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាង និងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ និងការរួមចំណែកអភិវឌ្ឍន៍កម្ពុជាលើច្រើនវិស័យ។
ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងនោះ ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកមកកាន់កម្ពុជាថ្មីៗ ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត ដែលបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តម បានស្នើដល់ភាគីសហរដ្ឋអាមេរិក បង្កើតក្រុមការងារ កិច្ចសន្ទនាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត គ្រប់ប្រភេទទ័ព ការបង្កើនវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ ការពិនិត្យពិភាក្សាលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ ដូចជា សមយុទ្ធឆ្មាំអង្គរ (Angkor Sentinels) និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក (Pacific Angel) ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ បានថ្លែងអំណរគុណ និងអរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ នឹងបានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងនៅក្នុងការលើកកម្ពស់ទំនាក់ទំនង ដូចដែលឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជារួចហើយ។
ឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ បានបង្ហាញពីបំណងនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ជាពិសេស នៅក្នុងការធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាវិស័យដទៃទៀត ដោយកម្ពុជា-អាមេរិក មានឱកាសជាច្រើននៅក្នុងការទំនាក់ទំនងជាមួយគ្នា ពិសេសវិស័យការពារជាតិ គ្រោះអន្តរាយ ការបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសម្អាតគ្រាប់មីន និងការបណ្ដុះបណ្ដាលជាដើម។
ឯកឧត្តម ក៏បានសម្តែងការដឹងគុណអស់ពីចិត្ត ចំពោះការតាំងចិត្តខ្ពស់របស់ភាគីកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា និងបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ដែលមកដល់ពេលនេះនៅសល់អដ្ឋិធាតុដែលពុំទាន់រកឃើញចំនួន ២៩អដ្ឋិធាតុទៀត។
ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា សហរដ្ឋអាមេរិក និង កម្ពុជា កំពុងចាប់ផ្ដើមស្វែងរកសកម្មភាពថ្មីៗ ក៏ដូចជាគំនិតថ្មីបន្ថែមទៀត ដែលប្រទេសទាំងពីរអាចរៀនសូត្រពីគ្នាបាន និងមានសកម្មភាពរួមគ្នា សំខាន់បំផុត គឺការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឈរលើគោលការណ៍ស្មើភាពគ្នា គោរពអធិបតេយ្យភាពគ្នា និងគោរពគ្នាទៅវិញទៅមក៕
ដោយ ៖ សិលា