ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្ស ប្រជាជនកម្ពុជា ដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនា មហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។ 

អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររួមផងដែរ។ 

ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងាររបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនា មហាជនរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ 

សម្តេចបានមានប្រសាសន៍បន្តថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ។

ជាទិសដៅអនុវត្តបន្ត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖

-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយ សម្ដេចតេជោ បានបញ្ជាក់ថា សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ 

-បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។

-នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។ 

-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌  ត្រូវមានវិធានការជាបន្ទាន់។

-បន្តការកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

-បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក។ 

ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូល និង បានជម្រុញការយកចិត្តទុកដាក់ប្រមូលចំណូលអោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជម្រុញអោយយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធអោយបានខ្លាំង។

សម្ដេចតេជោ បានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជម្រុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។ 

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រសិទ្ធពរជ័យ ជូន សម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា អង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ០៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖