ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកំពត ទាក់ទាញភ្ញៀវចូលលេងកម្សាន្តជិត៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៣ពាន់នាក់

ចែករំលែក៖

ខេត្តកំពត ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង ទេសចរណ៍ និងគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ខេត្តកំពត បាន រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ប្រកបដោយបរិយាកាសអធិកធម និងសប្បាយរីករាយ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន។

ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២ នាលាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ កសិទេសចរណ៍ អេកូទេសចរណ៍ និងជាគោលដៅសម្រាកលំហែដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយ ភាពឱឡារិក, អធិកអធម, មានភាពរលូន, បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព, មានសណ្តាប់ធ្នាប់សាធារណៈល្អ, រក្សាបាននូវបរិស្ថានអនាម័យល្អ, ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ, ព្រមទាំងទទួលបានភាព ជោគជ័យប្រកបដោយលទ្ធផលវិជ្ជមាន, ដោយក្នុងរយៈពេល៣ ថ្ងៃនេះ៖

មានទេសចរជាតិ មកលេងកម្សាន្តសរុបចំនួន ៣៨៥,៥៥៣នាក់ កើនឡើង៤៤,៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧,៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣

ចំពោះការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារនិងភេសជ្ជៈ, ការតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផល ក្នុងស្រុកនិងក្រៅស្រុក និងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ ព្រមទាំងការសម្តែងទស្សនីយភាពសិល្បៈ, ការប្រគុំតន្ត្រី តន្ត្រីមហាជន, ព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត មានការគាំទ្រយ៉ាងច្រើនផុលផុល ពីភ្ញៀវជាតិ និងអន្តរជាតិក៏ទទួលបានការចូលទស្សនាជាច្រើនម៉ឺននាក់

កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិឆ្នាំ២០២៤ (Cambodia Travel ជាព្រឹត្តិការណ៍អម លើកទី១ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកបានឈានទៅចុះកិច្ចសន្យារៀបចំកញ្ចប់ទស្សនកិច្ចជំរុញការតភ្ជាប់ពីបណ្តា ប្រទេសនានាមកកម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ច ទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា

សកម្មភាពកីឡា ទាំងកីឡាលើទឹក និងលើគោក ចំនួន ១០ប្រភេទកីឡា មានអ្នកចូលរួមកម្សាន្ត និងទស្សនាកីឡា សរុបប្រមាណ ៣ម៉ឺននាក់

ការដាក់ឱ្យដំណើរការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាសមិទ្ធផលថ្មី នឹងដើរតួជា ច្រកចេញ-ចូល សម្រាប់ភ្ញៀវទេសចរ, ការតភ្ជាប់ជាមួយអ្នកធ្វើដំណើរក្នុងតំបន់ តាមច្រកសមុទ្រ ពីគោលដៅ សំខាន់ៗនៅតាមតំបន់ឆ្នេរកម្ពុជា, ពីកំពង់ផែនានា រួមទាំងកំពង់ផែនៅខេត្តព្រះសីហនុ, ខេត្តកោះកុង និង កំពង់ផែនៅប្រទេសជិតខាង ព្រមទាំងពីគោលដៅផ្សេងៗទៀត ចូលមកកាន់ខេត្តកំពត

សិក្ខាសាលាស្តីពីការជំរុញការវិនិយោគ ការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដល់ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ គ្រប់ភាគីពាក់ព័ន្ធ និងមហាជន

ការរៀបចំពិធីដាំដើមឈើអនុស្សាវរីយ៍ បានរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជាតាមរយៈ ការជំរុញសកម្មភាពដាំដើមឈើ ឱ្យប្រែក្លាយជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយភាព ទាក់ទាញទេសចរណ៍។

ជារួមអ្វីដែលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈនៃការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ គឺមានការចូល រួមកាន់តែផុលផុសពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋនិងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីបងប្អូន ប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិ។ ភាពជោគជ័យប្រកបដោយមោទកភាពនេះ កើតចេញពីកិច្ចសហការដ៏ល្អនិង ជិតស្និទ្ធ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ប្រកបដោយភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរវាងគ្នានឹងគ្នា ដោយឈរលើស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ដែលមានភាពប្រទាក់ក្រឡានិង ស៊ីចង្វាក់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ដៃគូសហការ និងដៃគូចូលរួមឧបត្ថម្ភទាំងអស់ ដែលបានរួមសហការគ្នា រៀបចំមហា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានភាពជោគជ័យ ប្រកបដោយមោទកភាព។

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបផងដែរថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាខេត្តអេកូទេសចរណ៍ សម្បូរដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានទាំងតំបន់ភ្នំ តំបន់ឆ្នេរ ដ៏ស្រស់ស្អាត និងព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះគ្រប់ប្រភេទ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖