ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីធ្វើការជិះម៉ូតូលឿនពេកមិនប្រយ័ត្នរេចង្កូតទៅបុកខឿនផ្លូវបណ្ដាលឱ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រន្ធត់ណាស់! បុរសម្នាក់បានស្លាប់បាត់បង់ជីវិតតាមផ្លូវពេលដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះបន្ទាន់បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះជួលវិញមិនប្រយ័ត្នបុកជាមួយនឹងខឿនផ្លូវ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវក្នុងរោងចក្រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ រស់ វណ្ណៈ  ភេទប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាក ហុងដា CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IQ-3248 ជិះចេញពីកន្លែងធ្វើការឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឡេីងលើពំនូកថ្មទទឹងផ្លូវធ្វើឱ្យរេចង្កូតរអិលជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ហើយពេលដែលអ្នករួមការងារជាមួយហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវជាអរកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ាដង្កោ


ចែករំលែក៖