ខ្សែប្រយុទ្ធ Kylian Mbappe និង Federico Valverde បានស៊ុតបាល់បញ្ចូលទីក្នុងចម្ងាយឆ្ងាយ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Sevilla ៤ទល់២ កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ដើម្បីរក្សាសម្ពាធលើក្រុមកំពូលតារាង La Liga ក្រុម Atletico Madrid។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយពី Mbappe, Valverde និង Rodrygo បានធ្វើឱ្យក្រុម Real Madrid នាំមុខ និងមានទំនុកចិត្ត មុនពេលកីឡាករ Brahim Diaz រកបានគ្រាប់បាល់ទី៤ក្នុងតង់ទី២។
Real Madrid បាននាំមុខមុននៅនាទីទី១០ តាមរយៈ Mbappe ដែលបានស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Alvaro Fernandez។ ១០នាទីក្រោយមកកីឡាករ Valverde បានរកគ្រាប់បាល់ទី២នាំមុខ ជាមួយនឹងការស៊ុតបាល់ពីចម្ងាយដែរឲ្យ Real Madrid។
Rodrygo បានបំប៉ោងសំណាញ់ទីគ្រាប់ទី៣ ក្នុងតង់ទី១ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Lucas Vazquez នៅនាទីទី៣៤ បើទោះបីជា Sevilla រកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៣៥ក៏ដោយ នៅពេលដែលកីឡាករ Isaac Romero បានតែតបាល់បញ្ចូលទី។
នៅក្នុងតង់ទី២ Mbappe បានប្រែក្លាយជាអ្នកបញ្ជូនបាល់យ៉ាងល្អ១គ្រាប់ទៀតឲ្យទៅកីឡាករ Brahim ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៤នៅនាទីទី៥៣ មុនពេលកីឡាករ Bernabeu របស់ Sevilla រកបានគ្រាប់បាល់ទី២តាមពីក្រោយនៅនាទីទី៨៥ ដើម្បីអបអរសាទរ Navas នៅលើទីលាន។
ប្រធានក្រុម Sevilla កីឡាករ Jesus Navas វ័យ៣៩ឆ្នាំបានចេញពីកៅអីបម្រុងដើម្បីបង្ហាញខ្លួនចុងក្រោយនៃអាជីពរបស់គាត់ ដោយនាំមកនូវការបញ្ចប់ដ៏រំជួលចិត្តដល់ទំនាក់ទំនងរយៈពេល២០ឆ្នាំរបស់គាត់ជាមួយក្លិប។ គាត់កំពុងចូលនិវត្តន៍ពាក់កណ្តាលរដូវកាល ដោយសាររបួសត្រគាករ៉ាំរ៉ៃ។
កីឡាករអេស្ប៉ាញរូបនេះជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពាន World Cup, European Championship និង UEFA Nations League បានបង្ហាញខ្លួនជាលើកទី៧០៥របស់គាត់សម្រាប់ Sevilla ពោលគឺ២០ឆ្នាំមកទល់នឹងថ្ងៃនេះចាប់តាំងពីគាត់បានលេងជាលើកដំបូងនៅ Bernabeu ។
ការទទួលជ័យជម្នះលើកទី១៩ក្នុងការប្រកួតក្នុងផ្ទះ២០លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Sevilla បានជួយឱ្យក្រុម Real Madrid ផ្តួលក្រុម Barcelona ទៅកាន់ចំណាត់ថ្នាក់លេខ២ក្នុងតារាង ដោយនាំមុខក្រុមគូប្រជែងរបស់ពួកគេចំនួន២ពិន្ទុជាមួយនឹងការប្រកួតនៅក្នុងដៃ និងចាញ់១ពិន្ទុតាមពីក្រោយក្រុមជិតខាង Atletico Madrid។
Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid ២-១ កាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះបានឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន៨របស់ពួកគេចាប់តាំងពីបានផ្តួលក្រុម Real Madrid ៤-០ កាលពីខែតុលា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)