ព័ត៌មានទាន់ហេតុការណ៍៖

បើក្រុមហ៊ុន ឬអង្គភាព តម្រូវឱ្យធ្វើលិខិតបញ្ជាក់កិរិយាមារយាទ! អត្ថបទនេះជាដំណោះស្រាយ!

ចែករំលែក៖

ភ្នំពេញ ៖ លិខិតបញ្ជាក់កិរិយាមាយាទ គឺជាលិខិតបញ្ជាក់ពីអត្ដចរិតរបស់បុគ្គលដែលកំពុងរស់នៅក្នុងឃុំ/សង្កាត់បច្ចុប្បន្ន។ លិខិតនេះមានសារសំខាន់ណាស់ក្នុងការបញ្ជាក់អាជ្ញាធរដែនដីថាបុគ្គលនេះពិតជាស្លូតបូត មិនដែលបង្កទំនាស់ជាមួយអ្នកភូមិផងរបងជាមួយឡើយ។ ដូច្នេះនិយោជក ឬស្ថាប័នរដ្ឋក៏អាចនឹងមានទំនុកចិត្ដក្នុងការទទួលយក ឬធ្វើការជាមួយបុគ្គលនោះ។ លិខិតនេះគេច្រើនប្រើសម្រាប់ដាក់ពាក្យចូលបម្រើការងារនៅតាមក្រុមហ៊ុនឯកជន ឬសម្រាប់ប្រឡងចូលក្របខ័ណ្ឌមន្ដ្រីរាជការ ឬមន្ដ្រីនគរបាល កងរាជអាវុធហត្ថ។ នេះបើតាមអ្នកពាក្យនាំរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ 

លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ថា ប្រសិនបើពលរដ្ឋត្រូវការលិខិតនេះសម្រាប់ការងារស៊ីវិល (ប្រឡងក្របខ័ណ្ឌ ឬដាក់ការងាឯកជន) ចូរទៅធ្វើនៅឃុំ-សង្កាត់ដែលនៅជិតលោកអ្នក។ តែប្រសិនបើពលរដ្ឋត្រូវការសម្រាប់កិច្ចការនគរបាល ឬប៉ូលិស ឬកងកម្លាំងប្រដាប់អាវុធ ចូរទៅធ្វើនៅប៉ុស្ដិ៍នគរបាលឃុំ-សង្កាត់ដែលនៅជិតលោកអ្នក។ ជាទូទៅ ទម្រង់លិខិតគឺដូចគ្នា ទាស់ត្រង់តែមួយធ្វើនៅចៅសង្កាត់ មួយទៀតនាយប៉ុស្តិ៍ឬមេប៉ុស្ដិ៍ចុះហត្ថលេខាបញ្ជាក់ប៉ុណ្ណោះ។ 

ផ្អែកតាមប្រកាសអន្តរក្រសួងស្ដីពី ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកបណ្ឌិតបានប្រាប់ឱ្យដឹងថា ប្រកាសនេះបានកំណត់ចំពោះឃុំ-សង្កាត់ក្នុងរាជធានី ខេត្តក្រៅពីខេត្តទាំងប្រាំ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ការបញ្ជាក់លិខិតកិរិយាមារយាទ ក្នុង១សន្លឹក មានតម្លៃ ៥០០០រៀល រយៈពេល៣ថ្ងៃ (នៃថ្ងៃធ្វើការ) និងមានសុពលភាព៣ខែ។ 

យោងតាមឧបសម្ព័ន្ធនៃគំរូលិខិតស្នើសុំបញ្ជាក់ស្តីពី បែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ ចំពោះឯកសារដែលត្រូវភ្ជាប់សម្រាប់ធ្វើលិខិតបញ្ជាក់កិរិយាមាយាទ រួមមាន ១.អត្តសញ្ញាណប័ណ្ណ ( ថតចម្លង)ឬសេចក្តីចម្លងសំបុត្រកំណើត ១សន្លឹក ២.សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ ( ថតចម្លង) ១សន្លឹក ( កុំភ្លេចត្រៀមរូបថត ៤ × ៦ ពីរទៅបីសន្លឹកទៅផងដែរ)៕ 

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖