ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យយុវជនត្រូវចេះលើកទឹកចិត្តខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងជីវិតនេះ មិនមានបុគ្គលណាជោគជ័យ ជារៀងរហូតនោះឡើយ ដូច្នេះ ត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយបន្តប្រឹងប្រែងដោយមិនរាថយ មិនចុះចាញ់ ហើយកុំខ្លាចនឹងការប្រឈមជាមួយអ្វីៗក្នុងជីវិត ទោះបីជាយើងត្រូវចេះម្ចាស់ការខ្លួនឯងក៏ដោយ តែវានឹងជួយឱ្យយើងកាន់តែរឹងមាំ។

ការថ្លែងបែបនេះរបស់សម្ដេចនាយករដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម័យប្រឡង៖ ៨ តុលា ២០២៤។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើដល់សិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប សូមប្រកាន់នូវទស្សនវិជ្ជមានក្នុងការបន្តការសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ក៏ដូចជានៅពេលចេញប្រកបរបរ នៅក្នុងសង្គម។

សម្ដេចបានថ្លែងថា «អត់មាននរណាដែលថាមួយជីវិតធ្វើអ្វីក៏ជោគជ័យនោះដែរ ហើយបើជោគជ័យតែរហូត ក៏គ្មានអ្វីដែលជាមេរៀនត្រូវពង្រឹងខ្លួនឯងទេ.. អ្នករៀនបានលេខ១ ឬនិទ្ទេស A រហូត ក៏សូមអបអរសាទរ ប៉ុន្តែត្រូវត្រៀមខ្លួនប្រឈមជាមួយកិច្ចការងារជាច្រើន ដែលត្រូវដាក់ទិសដៅខំប្រឹងឱ្យច្រើនលើសនេះទៀត ព្រោះត្រូវចូលប្រឡូកក្នុងពិភពពិតប្រាកដដែលមិនអាចល្អឥតខ្ចោះដូចកាលនៅរៀនឡើយ»។

សម្ដេចបវរធិបតីបានណែនាំបន្ថែមដល់សិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុបថា ជីវិតកាន់តែលំបាក កាន់តែប្រឈមនឹងបញ្ហា ដូច្នេះ កុំខ្លាចនឹងការប្រឈមជាមួយអ្វីៗ នៅក្នុងជីវិត។ 

នៅក្នុងឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ណែនាំ និងលើកទឹកចិត្តទៅកាន់យុវជនជំនាន់ក្រោយថា៖ «ដំណើរជីវិតខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ បញ្ហាមាន មានតែការប្រឈមមុខដោះស្រាយប៉ុណ្ណោះដែលអាចដោះស្រាយបាន»។

ខណៈការជ្រើសរើសជំនាញសិក្សាសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំបន្ថែមទៀតថា៖ «អ្វីដែលខ្ញុំនិយាយរៀនឱ្យច្បាស់បន្តទៀត យើងច្បាស់បានបាននិទ្ទេស A យើងច្បាស់បានយើងជាប់ ប៉ុន្តែបទពិសោធន៍នេះដូចគ្នា ចេញទៅរៀនធ្វើការនៅខាងមុខទៀតឱ្យច្បាស់ មួយៗឱ្យច្បាស់កុំឡែងតែរារែកចិត្ត។ ឧទាហរណ៍ ទៅរៀនមហាវិទ្យាល័យចាប់ផ្ដើមពីគ្រប់គ្រង រៀនបានមួយឆ្នាំឃើញពួកម៉ាករៀន IT រត់ទៅ IT រៀនបានមួយរត់ទៅណេះ អាមួយឆ្នាំៗបូកចូលគ្នាអត់ច្បាស់ទេក្មួយអើយ ចេញទៅធ្វើអីអត់កើតទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «តែបើរៀន Management ៤ឆ្នាំ គឺ៤ឆ្នាំ ចាំចប់ពីហ្នឹងយើងទៅថែមអីទៀត ផ្ដោតចិត្តឱ្យបាន ហើយពេលវេលាយើងអត់ខាត ៤ឆ្នាំក្រោយគេមិនអាចសួរថា រវាងសិស្សម្នាក់ ២នាក់ដែលចាប់ផ្ដើម ម្នាក់អាឡែងតែដូរលិចដូរកើត ៤ឆ្នាំក្រោយអត់មានអីច្បាស់លាស់ អត់មានសញ្ញាបត្រអីច្បាស់លាស់ទេ គ្មាននរណាឱ្យសញ្ញាបត្រគ្រប់គ្រង១ឆ្នាំ IT១ឆ្នាំនោះទេ ព្រោះយើងរៀនមិនគ្រប់គួងរបស់គេ។ ដោយឡែកអ្នកដែលចេញទៅមានលំនឹង តស៊ូអាហ្នឹងគេបានសញ្ញាបត្រទៅរកការងារបាន ប្រកួតប្រជែងមុនយើងមួយជំហាន។ ហើយគ្មានស្អីល្អជាងស្អីទេ គ្មានជំនាញណាល្អជាងជំនាញណាទេ សំខាន់មនុស្សដែលចេះជំនាញច្បាស់ ល្អជាងមនុស្សដែលចេះជំនាញអត់ច្បាស់ រឿងហ្នឹងតែប៉ុណ្ណឹង ជឿខ្ញុំចុះ។ ចង់អ្នកឯងជំនាញ IT ល្អជាងជំនាញនេះ ប៉ុន្តែអ្នក IT អត់ចេះច្បាស់ផង អត់មានសញ្ញាបត្រ អាហ្នឹងក៏ធ្វើមិនល្អដែរ គឺខ្លួនយើងដែលធ្វើឱ្យសញ្ញាបត្រល្អ មិនមែនសញ្ញាបត្រធ្វើឱ្យខ្លួនយើងល្អទេ ចាំអាហ្នឹងទុក»៕

ដោយ ៖ សិលា


ចែករំលែក៖