ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបរទេស រួមដំណើរជាមួយមនុស្សប្រុសស្រី៤នាក់ផ្សេងទៀតបានបើករថយន្តម៉ាកធុនត្រាមួយគ្រឿងក្នុងល្បឿនលឿន ខណៈបើកមកដល់ផ្លូវកោងស្រាប់តែរេចង្កូតឡើងខឿនជ្រុលទៅបុករះដើមឈើរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើម ហើយរថយន្តបង្កមិនព្រមឈប់បើករត់ទៅមុខជិត១គីឡូដីត្រូវក្រុមសន្តិសុខតាមឃាត់បាន។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកធុនត្រាមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-9716 បើកបរដោយបុរសជនបរទេសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងងស្រាប់តែរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើបាក់មួយដើមរួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមបន្ថែមទៀត ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេព្យាយាមបើករត់គេចរហូតមកដល់ផ្លូវ១៦៩ក៏ត្រូវបានក្រុមសន្តិសុខប្រចាំការក្នុងបរិវេណបឹងកក់ជិះតាមប្រដេញពីក្រោយរួចយកដុំថ្មគប់បំបែកកញ្ចក់រថយន្តផ្នែកខាងមុខទើបរថយន្តបង្កទៅមុខលែងរួច។
ក្រោយកើតហេតុ ដោយមានភាគីតំណាងរថយន្តចុះមកធ្វើការចរចាជាមួយនឹងម្ចាស់ក្រុមហ៊ុនបឹងកក់ដោយសងជាសំណងទៅលើថ្លៃខូចខាតបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុរួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ