ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ក្រោមមេឃតែមួយ (ត)

ចែករំលែក៖

មិនកើតទេដឹងអ៊ំ! កងកម្លាំងខ្មែរក្រហមជម្លៀសយើងមកដល់នេះហើយ ម៉េចនឹងអាចនាំយើងត្រឡប់ទៅភ្នំពេញវិញបាននោះ ?អ៊ំប្រុសសម្លឹងមើលមុខខ្ញុំ ចំណែកឯអ៊ំស្រីរអ៊ូតិចៗថា ខ្ញុំមិនអាចទ្រាំរស់ទៅមុខទៀតបានទេ! ឥឡូវនេះអ្វីក៏អស់ដែរសូម្បីតែអង្ករត្រីសាច់របស់របរប្រើប្រាស់ បើយ៉ាងហ្នឹងទៀតយើងមុខតែស្លាប់មិនខាន។អ៊ំប្រុសបន្ថែមថា មែនហើយយើង គួរវិលត្រឡប់ទៅភ្នំពេញវិញ ខេមរិន្ទ គិតមើលទៅប្រទេសណាមិនត្រូវការគ្រូបង្រៀននិងអ្នកបច្ចេកទេសដូចយើងនោះ! អ៊ំស្រីដំឡើងសំឡេងដាក់ខ្ញុំថាមែនហើយក្រែងកងទ័ពខ្មែរក្រហមប្រាប់យើងហើយតើថាចេញពីភ្នំពេញតែមួយរយៈទេ ហើយឥឡូវនេះប្រហែលជារដ្ឋាភិបាលរៀបចំទីក្រុងរួចស្រេចឡើងវិញហើយមើលទៅខ្ញុំបានព្យាយាមអស់លទ្ធភាពដើម្បីពន្យល់អ៊ំប្រុសនិងអ៊ំស្រីកុំឲ្យទុកចិត្តខ្មែរក្រហម ប៉ុន្តែអ៊ំទាំងពីរលើកហេតុផលផ្សេងៗគ្នាជាច្រើនដើម្បីជម្នះត្រឡប់ទៅភ្នំពេញវិញ។ ទីបំផុតអ៊ំប្រុសនិងអ៊ំស្រីបានសម្រេចចិត្តទៅចុះឈ្មោះទាំងពីរនាក់ប្ដីប្រពន្ធ។ គាត់បានស្នើដល់កងកម្លាំងខ្មែរក្រហមឲ្យនាំយើងទៅភ្នំពេញជាមួយគាត់ដែរ ប៉ុន្តែកងកម្លាំងខ្មែរក្រហមបានបដិសេធ។ កងកម្លាំងខ្មែរក្រហមបានសន្យាថា បើប្រទេសរៀបចំរួចរាល់ពេលណានោះនឹងមកនាំខ្ញុំនឹងអូនបុប្ផាទៅភ្នំពេញដែរ។កងកម្លាំងខ្មែរក្រហមបានសន្យានិងអ៊ំប្រុសអ៊ំស្រីថា អង្គការនឹងមើលថែយើងទាំងពីរឲ្យបានល្អហើយនិងផ្ដល់ព័ត៌មានទៅអ៊ំប្រុសអ៊ំស្រីគ្រប់ពេលដែលចង់ដឹងពីយើង។ ក្រោយមកយើងភ័យឡើងញ័រខ្លួននិងមិនហ៊ានសម្លឹងមើលកងទ័ពនោះទេ។ ចំណែកខ្ញុំក៏ភិតភ័យខ្លាំងណាស់ដែរ។ បន្ទាប់ពីឆែកឆេររួចកងទ័ពខ្មែរក្រហមទាំងនោះបាននិយាយមកកាន់យើងថា មិនអីទេមិត្តឯងបានបោសសម្អាតហើយ ដូច្នេះមិត្តឯងអាចទៅបាន។ ខ្ញុំបានសម្តែងការអរគុណដល់កងទ័ពនោះយ៉ាងទន់ភ្លន់។ បន្ទាប់ពីយើងឆ្លងកាត់ចំណុចឆែកឆេរដោយសុវត្ថិភាពយើងបានបន្តដំណើរទៅមុខទៀត។ យើងបានមកដល់មូលដ្ឋានចុងក្រោយដែលខ្មែរក្រហមបានបញ្ឈប់មិនឱ្យយើងធ្វើដំណើរទៅមុខទៀត។នៅកន្លែងថ្មីនេះខ្មែរក្រហមបានឆែកឆេររបស់របរនិងចុះឈ្មោះយើងម្ដងទៀត។ ខ្ញុំ និងបុប្ផាបានសម្រេចចិត្តប្ដូរឈ្មោះនិងបានប្រាប់អង្គការថាយើងជាប្ដីប្រពន្ធនឹងគ្នាដើម្បីរក្សាជីវិតឲ្យគេចផុតពីការតាមប្រមាញ់។ បន្ទាប់មកយើងត្រូវកងទ័ពខ្មែរក្រហមដឹកតាមកាណូតឆ្លងទន្លេបាសាក់ចុះទៅកាន់សហករណ៍ពោធិ៍ទន្លេ។

   អង្គការបានបញ្ចូលខ្ញុំទៅក្នុងកងចល័តដោយបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរដូចជារែកដី លើកទំនប់ លើកផ្លូវ ធ្វើស្រែ និងជីកប្រឡាយ។ អង្គការបានឲ្យខ្ញុំឡើងត្នោតដោយសារតែខ្ញុំបានប្រាប់ដល់អង្គការថា ខ្ញុំធ្លាប់បានឡើងត្នោតពេលដែលខ្ញុំរស់នៅក្នុងខេត្តតាកែវ។ ចំណែកបុប្ផាវិញត្រូវអង្គការបញ្ចូលទៅក្នុងកងកាត់ឆ្ការព្រៃ ដកស្ទូងជាមួយនឹងប្រជាជនថ្មីផ្សេងទៀត។ យើងត្រូវអង្គការប្រើឲ្យធ្វើការដូចទាសករដោយធ្វើការតាមតែការដាក់ទិសដៅរបស់អង្គការ។ យើងត្រូវតែធ្វើការងារឲ្យដូចសត្វគោ។

   យើងបានស្គាល់ស្ត្រីមេម៉ាយម្នាក់នៅក្នុងសហករណ៍ ពោធិ៍ទន្លេ ។ គាត់មានកូនស្រីម្នាក់ឈ្មោះនាងសុវិទ្យា ដែលមានវ័យស្របាលនិងបុប្ផាដែរ។ ប្ដីរបស់អ៊ំស្រីគឺជាគ្រូបង្រៀន ប៉ុន្តែបានស្លាប់ដោយសារការទម្លាក់គ្រាប់បែកកាលពីឆ្នាំ១៩៧២។ ការឈឺចាប់ខ្លាំងពេកចំពោះការបាត់បង់ឪពុកបានធ្វើឲ្យកូនប្រុសរបស់គាត់ទាំងពីរនាក់ស្ម័គ្រចិត្តចូលធ្វើកងទ័ពខ្មែរក្រហមដើម្បីច្បាំងជាមួយនឹងខ្មាំង។ ក្រោយមកកូនប្រុសរបស់គាត់ទាំងពីរនាក់ក៏បាត់ដំណឹងសូនឈឹង។ អ៊ំស្រីគឺជាអ្នកមូលដ្ឋាន ហើយគាត់ចិត្តល្អជាមួយយើងណាស់មិនដូចអ្នកមូលដ្ឋានដទៃទៀតដែលរើសអើងយើងទេ។ សុខវិទ្យា តែងលួចបង្ហាត់បង្រៀនការងារដល់បុប្ផាតាមតែអាចធ្វើទៅបាន។ យូរៗម្ដងយើងចង់ជួបគ្នាដើម្បីចែករំលែកទុក្ខលំបាករៀងៗខ្លួនប្រាប់គ្នាទៅវិញទៅមក។ ជារៀងរាល់ថ្ងៃយើងធ្វើការក្រោមការឃ្លាំមើលរបស់ប្រជាជនចាស់ និងកងឈ្លបខ្មែរក្រហម។ ការងារស្រែចំការធ្ងន់ធ្ងរនិងការហូបចុកមិនគ្រប់គ្រាន់គឺជាឧបសគ្គដ៏ចម្បងរបស់បុប្ផាព្រោះនាងមិនធ្លាប់ឆ្លងកាត់ធ្វើការងារបែបនេះសោះឡើយពីមុនមក។ បុប្ផាគឺជាយុវតីដែលកើត និងធំដឹងក្តីនៅក្នុងទីក្រុង។ សុខភាពរបស់បុប្ផាកាន់តែធ្លាក់ចុះ ទ្រុឌទ្រោមបន្តិចម្ដងៗ។ ជួនពេលខ្លះបុប្ផាត្រូវមេកងរបស់នាងស្ដីបន្ទោសឲ្យ ឬហៅទៅប្រជុំកសាង។ នៅពេលដែលខ្ញុំជួបនឹងបុប្ផា តែងជួយនិយាយលើកទឹកចិត្តដល់នាងជានិច្ច។ ទោះជាបែបនេះក្តីសម្ព័ន្ធភាពប្ដីប្រពន្ធរបស់យើងហាក់ដូចជាស្ថិតក្នុងឋាន២ដាច់ដោយឡែកពីគ្នា។កាលណាខ្ញុំនៅចំពោះមុខខ្មែរក្រហម យើងប្រព្រឹត្តចំពោះគ្នាដូចមនុស្សរុក្ខជាតិ ដោយស្ដាប់តាមការអប់រំសីលធម៌របស់អង្គការ។ យើងមិនហ៊ានបង្ហាញក្តីអាណិតអាសូរភាពផ្អែមល្ហែមនិងការយកចិត្តទុកដាក់ចំពោះប្ដីប្រពន្ធឡើយ លើកលែងតែក្នុងទីងងឹត ឬទីកំបាំងមុខទើបយើងហ៊ានបង្ហាញមនោសញ្ជេតនាពិតប្រាកដរបស់ប្ដីប្រពន្ធចេញមក។ យប់មួយពេលដែលយើងត្រឡប់មកពីប្រជុំនយោបាយវិញបុប្ផាបានបង្ហាញឲ្យឃើញនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរបបថ្មីនេះ។ បុប្ផារអ៊ូតិចៗដាក់ត្រចៀកខ្ញុំ ព្រោះខ្លាចមានកងឈ្លបលបស្ដាប់នៅក្រោមរោងស្នាក់នៅរបស់យើង។ ខ្ញុំទ្រាំទៀតលែងបានទៀតហើយ ខ្ញុំចង់តែស្លាប់ឲ្យផុតៗទេ ព្រឹកមិញពេលចេញទៅព្រៃខ្ញុំឃើញមនុស្សស្លាប់ទៀតហើយ ខ្ញុំឮ ប្រជាជនឯទៀតនិយាយថាប្រជាជនដែលស្លាប់នោះគឺស្លាប់ដោយសារអត់បាយ។

ចំណែកឯមនុស្សនៅក្នុងភូមិបាត់ខ្លួនស្ទើរតែរៀងរាល់ថ្ងៃ។ បុប្ផានិយាយបណ្ដើរចង់យំបណ្ដើរ ខ្ញុំក្រសោបកាយនាងជាប់នឹងដើមទ្រូងរួចនិយាយលួងលោមខ្សឹបៗ ប្រាប់ឲ្យបុប្ផាតស៊ូរស់ឲ្យបានទៅថ្ងៃមុខជាមួយខ្ញុំទៀត។ យើងនិយាយដល់ចំណុចនេះក៏នឹកឃើញដល់ឪពុកម្ដាយរបស់យើងដែលបាត់ដំណឹងសូន្យឈឹងមិនដឹងជាគាត់ជួបនឹងអ្វីខ្លះទេ។ បុប្ផាបានយំខ្សឹកខ្សួលតិចៗគួរឲ្យសង្វែគណាស់។ នឹកដល់រឿងបែកបាក់និងភាពលំបាកនេះ បុប្ផាបានបបួលខ្ញុំរត់ចេញពីទីនេះទៅប្រទេសវៀតណាម ព្រោះយើងកំពុងតែស្ថិតនៅក្បែរប្រទេសវៀតណាមស្រាប់។ ខ្ញុំបានប្រាប់បុប្ផាកុំឲ្យនិយាយឮពេកអំពីបញ្ហានេះ ហើយខ្ញុំក៏បានបញ្ជាក់ប្រាប់គាត់ដែរថា ខ្ញុំធ្លាប់បានគិតរឿងរត់គេចនេះតាំងពីយូរមកហើយ។ប៉ុន្តែយើងត្រូវរង់ចាំពេលវេលាបន្តិចសិន។ មុនពេលចូលដេកខ្ញុំបានខ្សឹបប្រាប់បុប្ផាថា ព្រឹកស្អែកពេលទៅស្រែកុំភ្លេចឆៀងចូលរោងស្ករត្នោតព្រោះបងទុកទឹកត្នោតឲ្យអូន។ (នៅមានត)


ចែករំលែក៖