ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤នេះការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភេទកេសរកូលព្រៃទាំងនេះ ដែលខ្លះមានរកឃើញវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

កញ្ញា ណៃ ស៊ីខឿន អនុប្រធានការិយាល័យនៃរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងការស្រាវជ្រាវកន្លងមកគេបានរកឃើញកេសរកូលច្រើនប្រភេទ ដែលក្នុងនេះមានកេសរកូលខ្លះគេគិតថាមិនមានវត្តមាននៅកម្ពុជា ប៉ុន្តែក្រុមអ្នកជំនាញបានរកឃើញ ហើយបានយកប្រភេទកេសរកូលទាំងនេះមកដាក់តាំងបង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានឃើញ។ជាមួយគ្នានេះកញ្ញាបានចងក្រងដើម្បីផ្ទុកជាឯកសារ ហើយវាក៏ជាសមិទ្ធផលដែលកញ្ញាពេញចិត្តយ៉ាងខ្លាំង។

អនុប្រធានការិយាល័យនៃរដ្ឋបាលព្រៃឈើរូបនេះបានឱ្យដឹងបន្ថែមថា៖”ការស្រាវជ្រាវកេសរកូល ព្រៃគឺបានចាប់ផ្តើមតាំងតែពីឆ្នាំ ២០១៣ ដោយក្នុងនេះក្រុមការងារបានចុះទៅខេត្តកោះកុង ដើម្បីសិក្សាអំពីជីវចម្រុះ ហើយក៏បានប្រមូលសំណាកដើម្បីឱ្យបានដឹងឈ្មោះថាប្រភេទកេសរកូលប្រភេទបែបហ្នឹងមាននៅកម្ពុជាផងដែរ។បន្ទាប់មកទៀតឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្នពួកយើងនៅតែចុះស្រាវជ្រាវតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។ដោយសារកេសកូលមានវត្តមាននៅកម្ពុជាគឺមិនមែនមានដុះតែរយៈកម្ពស់ខ្ពស់ៗនៅលើភ្នំ ឬកំពូលភ្នំដែលមានសីតុណ្ហភាពត្រជាក់ទេសូម្បីតែតំបន់ក្តៅបំផុតក៏មានវត្តមានរបស់វាដុះដែរ គ្រាន់តែប្រភេទវាផ្សេងគ្នាប៉ុណ្ណោះ”។

មន្រ្តីរូបនេះបានលើកឡើងឱ្យដឹងថា”រហូតមកដល់ពេលនេះយើងប្រមូលបានជាង៣០០០សំណាកហើយនិងបានកំណត់អត្តសញ្ញាណឈ្មោះ៣០០ប្រភេទ “។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា៖ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖