ភ្នំពេញ៖ យុវតីអាយុ ១៧ ឆ្នាំម្នាក់ត្រូវសង្សារដែលជាក្មេងទំនើងកាប់២ កាំបិតបុ័ងតោស្ទើរតែដាច់ជើងនិងដាច់ក រងរបួសធ្ងន់ដោយសារតែរឿងប្រចណ្ឌនិងខឹងនាងសុំបែកគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៤ និង៣០ នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៣៦ មុខ 7 eleven ក្បែរផ្សារកណ្ដាល ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីយុវតីរងគ្រោះបានបញ្ជាក់ថារូបខ្លួននិងជនសង្ស័យ បានរស់នៅជាមួយគ្នារយៈពេលជិត២ឆ្នាំ ក្នុងនាមជាសង្សារ ហើយត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យនៅជាមួយគ្នា ដូចប្តីប្រពន្ធ មូលហេតុដែលធ្វើឲ្យជនសង្ស័យដែលជាសង្សារនោះយកកាំបិតបុ័ងតោ មកកាប់រូបនាងចំនួនពីរកាំបិតដោយសារតែរូបនាងបានចាកចេញពីផ្ទះ និង សុំជនសង្ស័យបែកគ្នារស់នៅរៀងខ្លួន ដើម្បីរូបនាងត្រឡប់មកនៅជាមួយម្តាយ និង មើលថែម្តាយឈឺ ដោយសារតែមូលហេតុនេះទើបធ្វើឲ្យជនសង្ស័យជិះម៉ូតូមួយគ្រឿង តាមមកដល់ផ្ទះម្តាយយុវតីនោះ ហើយយកកាំបិតបុ័ងតោ កាប់ទៅលើរូបនាងចំនួន២កាំបិត ត្រូវក្បាលជង្គង់ស្ទើរដាច់ និង ត្រូវ កពីក្រោយ ធ្ងន់ធ្ងរផងដែរ គោលបំណងគឺមកកាប់សម្លាប់តែម្តង តែត្រូវបានជនបរទេសម្នាក់បានទៅជួយ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំង ចំណែកយុវតីរងគ្រោះត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ៕
ដោយ ៖ រ៉ារ៉ា