ព័ត៌មានទាន់ហេតុការណ៍៖

លោកWang Wenbin បញ្ជាក់ថា ចិននឹងបន្តជួយកម្ពុជាលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជននៅតាមតំបន់ជនបទ

ចែករំលែក៖

ភ្នំពេញ៖ លោកWang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយណាស់ដែលបានជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។​

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ លោកឯកអគ្គរដ្ឋទូតបានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥត សំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង ១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ចិនបានធ្វើឡើងក្រោយចូលជួបលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលថ្មីៗនេះ។

គួររំលឹកថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, ទី២-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ទី៣-ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

លោករដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖