ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ចែករំលែក៖

ភ្នំពេញ​៖​ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ ដោយគិតមកត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចលទ្ធផល ការងារសំខាន់ៗរួមមាន៖

១. លទ្ធផលការងារគ្រប់គ្រងមូលនិធិ

– បិទដំណើរការទាំងស្រុងនូវគណនីធនាគារផ្សេងៗដែលទទួលថវិកាមូលនិធិ និងរៀបចំរក្សាទុកកញ្ចប់ ថវិកាមូលនិធិក្នុងគណនីធនាគារប្រកបដោយសុវត្ថិភាព និងមានគណនេយ្យភាពត្រឹមត្រូវ

– បានបង្កើតនូវរបៀបរបបការងារប្រតិបត្តិ សម្រាប់កិច្ចការហិរញ្ញវត្ថុក្នុងដំណើរការគ្រប់គ្រងមូលនិធិ សំដៅ ធានាដល់ការគ្រប់គ្រងថវិកាមូលនិធិឱ្យបានត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព និង សន្សំសំចៃ ដែលជាការឆ្លើយតបនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងសមានចិត្តប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគនៅក្នុងមូលនិធិ

-បានចាត់តាំងក្រុមការងារទំនាក់ទំនងសាធារណៈនៃក្រុមការងារចំពោះកិច្ច ក.គ.ម ឱ្យចុះសហការជាក់ស្តែង នៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួលបានព័ត៌មានស្តីពីលទ្ធផល និងរូបភាព រួចធ្វើ ការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប់ជាប្រចាំ

២. ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ

– ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទះ សម្រេចបានលើផ្ទៃដីទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និងនៅក្នុង ភូមិសាស្ត្រខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ ដែលជាលទ្ធផលក្នុងការរាវរក គឺ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ២៣គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦គ្រាប់។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។

– ការងារឈូសឆាយ ៖

• ការឈូសឆាយបើកមុខទទឹង ៥ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)ឈូសផ្លូវទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូម៉ែត្រ)

•​ ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ)

• កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ)​ 

• ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)

ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ប្តេជ្ញាខិតខំបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ។សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖