ភ្នំពេញ៖ កម្លាំងការិយាល័យចរាចរណ៍ជើងគោកត្រៀមបញ្ជូនខ្លួនអ្នកបើករថយន្ត ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យភាគីម្ខាងស្លាប់ ដែលជាតារារ៉េបល្បីផងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ។
សូមរំលឹកថា កាលពីវេលាម៉ោង១:៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចច្រកចូលបុរីប៉េងហួត ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តារារ៉េបភើដ៏ល្បីឈ្មោះ RUTH KO បានជិះម៉ូតូមួយគ្រឿងម៉ាក CRS ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AL-9616 តែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុច្រកចូលបុរីប៉េងហួត ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-4771 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងបុរីទាំងបញ្រ្ចាសចូលគន្លងម៉ូតូ ធ្វើឱ្យម៉ូតូជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឱ្យប្លោងជនរងគ្រោះបោកផ្ទបនឹងកញ្ចក់រថយន្តរួចធ្លាក់បោកនឹងថ្នល់បណ្តាលឱ្យបាក់កបែកក្បាលស្លាប់យ៉ាងរន្ធត់ ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមភ្លាមៗ៕
ដោយ ៖ រ៉ារ៉ា