ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ។ 

នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុន បាន គោរពជម្រាបជូន សម្តេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍ របស់ក្រុមហ៊ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍។

ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជា បច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើ ប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនេះ សម្តេចបវរធិបតី ក៏បានគូស បញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹង និងពង្រីកសេវាសុខាភិបាល នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្តេចបវរធិបតី បានបន្តទៀតថា កម្ពុជានៅមានសក្តានុពលលើវិស័យ ជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា ដែលរួមមានដូចជា៖ វិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការ ភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និងវិស័យឯកជននៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖