ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ៖
ឯកឧត្តម ស៊ី ជីនពីង
ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន
រដ្ឋធានីប៉េកាំង
ឯកឧត្តមប្រធានាធិបតី ជាទីគោរពរាប់អាន!
ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ក្រោយពីបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួម ទាំងការបាត់បង់អាយុជីវិតជាច្រើននាក់ ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដែល បណ្តាលមកពីគ្រោះរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង ភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពេលវេលាដ៏សោកសៅនេះ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម និង តាមរយៈ ឯកឧត្តម ជូនដល់គ្រួសារនៃជនរងគ្រោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន សម្រាប់ការបាត់បង់ទាំងនេះ។ ខ្ញុំសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បានទៅកាន់សុគតិ ភព និងសូមជូនពរអ្នករងរបួសឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។ ហ៊ុន សែន
ដោយ ៖ សិលា