ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ! នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធ ស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូន សម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើក ឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា ការប្រមូលទិញស្រូវពីប្រជាកសិករ ការរៀបចំសស្ងួត ការស្តុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចបវរធិបតី បាន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និង បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួត ប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការ កាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ។
សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យ កាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែ ទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់ ក៏ដូចជាការចូលរួមផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយ អំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជាឱ្យបានទូលំទូលាយ៕
ដោយ ៖ សិលា